ភ្នំពេញ ៖ ម៉ូតូហុងដាឌ្រីមួយគ្រឿង ម្ចាស់ចតទុកមុខតូបលក់ដូរ រវល់រៀបចំអីវ៉ាន់ខាងក្នុង ស្រាប់តែជនសង្ស័យដើរទៅលួចជិះចេញ ម្ចាស់ឃើញស្រែកឆោឡោ ដេញចាប់ឃាត់ខ្លួនបានប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅតាមផ្លូវបេតុង ក្រុមទី១៤ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ សុខ ចិន ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះឈ្មោះ នី ផាន់ណា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ត ស្នាក់នៅផ្ទះជួល តាមផ្លូវលេខ៥៩៨ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ម៉ូតូដែលជនសង្ស័យលួច ម៉ាកហុងដាឌ្រីម សេរី២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1I-6778 ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូ ទៅចតទុកមុខតូប កន្លែងរកសុី ហើយរវល់តែចូលរើរៀបអីវ៉ាន់ ស្រាប់តែជនសង្ស័យដើរទៅឆ្លៀតឱកាស ឃើញម៉ូតូមានជាប់ទាំងកូនសោផងនោះ លួចឡើងជិះចេញ តែត្រូវបានម្ចាស់ឃើញទាន់ស្រែកឆោឡោ ដេញចាប់បានភ្លាមប្រគល់ឲ្យសមត្ថកិច្ច ។

បន្ទាប់ពីឃាត់ខ្លួនបានជនសង្ស័យ សមត្ថកិច្ចឆែករកឃើញ ដែកសំប៉ែត កែច្នៃ សម្រាប់កាច់សោកម៉ូតូ ចំនួន០១ ,សោលេខប្រាំបីចំនួន០១, កូនសោម៉ូតូចំនួន០១ , ដែកលួស កែច្នៃ សម្រាប់ឆ្កឹះសោចំនួន០១ , ដុំសោឡំប្រឺតាចំនួន០១ ,ពិលពណ៌ខ្មៅចំនួន០១ ,ទូរស័ព្ទ មួយគ្រឿង ម៉ាក NOKIA ពណ៌ផ្កាឈូកចាស់ ១គ្រឿង ។

ជនសង្ស័យត្រូវបាននាំទៅសាកសួរនៅផ្នែកជំនាញខណ្ឌ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី រីឯម៉ូតូត្រូវបានសមត្ថកិច្ចប្រគល់ជូនម្ចាស់យកទៅប្រើប្រាស់វិញ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.