ភ្លៀងធ្លាក់ខ្លាំងជាច្រើនម៉ោងកាលពីល្ងាចថ្ងៃ អាទិត្យ ទី ០៧ ខែ សីហា បានធ្វើឲ្យផ្នែកខ្លះនៃទីក្រុង វៀងច័ន្ទ ត្រូវបានជនលិចទាំងស្រុង នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Laotiantimes នាថ្ងៃ អាទិត្យ ទី ០៧ ខែ សីហា ឆ្នាំ ២០២២។
ភ្លៀងធ្លាក់យ៉ាងជោគជាំតាំងពីយប់ថ្ងៃ សៅរ៍ រហូតដល់ ព្រឹកព្រលឹមថ្ងៃ អាទិត្យ បានបង្កឲ្យមានទឹកជំនន់ភ្លាមៗ និង បានប្រែក្លាយដងផ្លូវសំខាន់ៗ ដូចជាជា ទឹកទន្លេ នៅតំបន់សំខាន់ៗមួយចំនួនក្នុងរដ្ឋធានី វៀងច័ន្ទ។

នៅតាមភូមិមួយចំនួន មានទឹកលិចដល់ត្រឹមចង្កេះ និង ជ្រៅជាងនេះ ខណៈផ្ទះសម្បែងជាច្រើនខ្នង រួមទាំងរថយន្ដ និង ម៉ូតូ បានលិចអណ្ដែតពេញទឹក មិនអាចធ្វើដំណើរឆ្លងកាត់បាន ដោយពលរដ្ឋនៅក្នុងតំបន់បាននិយាយថា មិនអាចចេញ ឬ ចូល ផ្ទះរបស់ខ្លួនបាននោះទេ។
ទាក់ទងនឹងបញ្ហានេះ អាជ្ញាធរក្នុងតំបន់មិនបានបញ្ជាក់ពីការខូចខាតដោយសារជំនន់ទឹកភ្លៀងនោះទេ។

ទន្ទឹមនោះ សហគមន៍នៅតាមតំបន់រងគ្រោះដោយទឹកជំនន់បានប្រាប់ថា ពួកគេមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីរៀបចំភៀសខ្លួនឬក៏ដកខ្សែឧបករណ៍អេឡិចត្រូនិចផ្សេងៗឡើយ ដោយសារតែការកើនឡើងយ៉ាងលឿននៃកម្ពស់ទឹក។

បើទោះបីជា ប្រឈមនឹងស្ថានភាពយ៉ាងដូច្នេះក៏ដោយ គេឃើញប្រជាជនឡាវខ្លះ បានប្រើឱកាសនេះ យកសំណាញ់ទៅចាប់ត្រីនៅតាមដងផ្លូវ ឬ តាមកន្លែងនានា៕

