ភ្នំពេញ៖ សំណង់អគារខុនដូរមួយកន្លែងកំពុងសាងសង បានធ្លាក់ដែកជាច្រើនកំណាត់ពីលើអាគារខុនដូរ មកលើកម្មករម្នាក់រងរបួសធ្ងន់និងរថយន្ត៣គ្រឿងរងការខូចខាត។

ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ១១និង១០នាទី ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ នៅចំណុចអគារខុនដូរ ស្ថិតនៅជាប់របងសាលាខណ្ឌទួលគោក តាមបណ្ដោយផ្លូវ លេខ៥៩៦ កែងផ្លូវលេខ៣២៩ ភូមិ៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មិនដឹងជាមូលហេតុអ្វីនោះទេ ស្រាប់តែមានដែកជាច្រើនកំណាត់ បានធ្លាក់ពីលើអគារខុនដូរ ជាន់លើបំផុត បណ្ដាលឲ្យត្រូវមេការម្នាក់រងរបួសចំក្បាលធ្ងន់ធ្ងរ រថយន្តរងការខូចខាតចំនួន ៣គ្រឿង ក្នុងនោះមានរថយន្តរបស់ការដ្ឋាន រថយន្តរបស់គណៈបញ្ជាការឯកភាពខណ្ឌទួលគោក និងរថយន្តរបស់ពលរដ្ឋ។ ឯកំណាត់ដែករាយប៉ាយពេញផ្លូវ និងខ្ទាតចូលដល់ក្នុងបរិវេណផ្ទះបងប្អូនប្រជាពលរដ្ឋថែមទៀតផងដែរ។

ក្រោយមកការដ្ឋានសំណង់ត្រូវបានផ្អាកសាងសង់ជាបណ្ដោះអាសន្នហើយភាគីខាងសំណង់បានចុះមកធ្វើការដោះស្រាយជាមួយជនរងគ្រោះនិងម្ចាស់រថយន្តទាំងអស់។

កន្លងមកទីតាំងខុនដូរនេះក៏ធ្លាប់មានបងប្អូនប្រជាពលរដ្ឋ មានការសំណូមពរ និងការត្អូញត្អែ លើកឡើងផងដែរថា ការដ្ឋានមួយកន្លែងនៅជាប់សាលាខណ្ឌទួលគោក កំពុងសាងសង រំលោភលើចិញ្ចើមផ្លូវ បង្កការកកស្ទះ និងអាចបង្កគ្រោះថ្នាក់ដល់ពលរដ្ឋអ្នកធ្វើដំណើរ។ ហើយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២កន្លងមកនេះ លោក ទៀវ សំអឿន អភិបាលរងខណ្ឌទួលគោក បានដឹកនាំកម្លាំងជំនាញរដ្ឋបាលខណ្ឌចុះត្រួតពិនិត្យ និងធ្វើការអប់រំណែនាំដល់ម្ចាស់គម្រោងសាងសងការដ្ឋាន ដើម្បីធ្វើយ៉ាងណាឲ្យមាន សុវត្ថិភាព សណ្ដាប់ធ្នាប់ អនាម័យល្អ និងមិនឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ៕

អត្ថបទ៖ សេង សាវី

Share.