ភ្នំពេញ ៖ បុរស២នាក់ជិះម៉ូតូបំពានភ្លើងស្តុប ទោះជាភ្លើងក្រហម ជាសញ្ញាហាមឃាត់ក៏ដោយ បន្តបើកទាំងកំរោល ទៅបុកនារីម្នាក់កំពុងជិះម៉ូតូចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតាមភ្លើងសញ្ញាពណ៌ខៀវ បណ្តាលឲ្យរងរបួស៣នាក់ ម៉ូតូដួលគរលើគ្នាកណ្តាលផ្លូវ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅចំណុចភ្លើងស្តុបផ្លូវសហព័ន្ធរុស្សុី ច្រកចូលព្រលានយន្តហោះពោធិ៍ចិនតុង ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បើតាមប្រជាពលរដ្ឋឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុ មានបុរសគ្នា២នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ1M-1698 ឌុបគ្នាធ្វើដំណើរពីលិចទៅកើត ទាំងបំពានភ្លើងស្តុបពណ៌ក្រហម មិនគោរពច្បាប់ចរាចរណ៍ផ្លូវគោកសោះ បើកទាំងកំរោល ទៅបុកនារីម្នាក់ កំពុងជិះម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី២០២២ ពាក់ស្លាកលេខ ភ្នំពេញ1JB-0548 ដែលកំពុងជិះពីជើងទៅត្បូង បំណងចូលព្រលានយន្តហោះ គោរពទៅតាមភ្លើងស្តុប សញ្ញាពណ៌ខៀវ បណ្តាលឲ្យដួលគរលើគ្នាកណ្តាលផ្លូវ រងរបួសទាំង៣នាក់ តែមិនធ្ងន់ធ្ងរនោះទេ ។

ក្រោយកើតហេតុភ្លាមៗ ឃើញសភាពមិនស្រួល ដឹងខ្លួនខុសហើយ ភាគីខាងបុរស២នាក់ របួសស្រាលទេ តែបន្លំធ្វើជាត្រូវធ្ងន់ ហើយឡើងឡានពេទ្យឯកជនទៅគ្លីនិកក្បែរនោះបាត់ សល់តែនារីរងគ្រោះម្នាក់ យំតូចចិត្តខ្លួនឯង ខំគោរពច្បាប់ចរាចរណ៍ប៉ុណ្ណឹងហើយ បែរជាគេបំពានច្បាប់មកបុកទៀត ហើយត្រូវបានមិត្តភក្តិរួមការងារដឹកតាមម៉ូតូទៅពេទ្យជូតលាងរបួស ។

ដោយឡែកម៉ូតូទាំង២គ្រឿងទុកឲ្យសមត្ថកិច្ចពិនិត្យវាស់វែង យកទៅរក្សាទុកនៅផ្នែកជំនាញ រងចាំភាគីសងខាងចូលខ្លួនដោះស្រាយគ្នានៅពេលក្រោយទៀត ៕
អត្ថបទ៖តាតុង សែនជ័យ
