អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃ ច័ន្ទ ទី ០៨ ខែ សីហា (មោ៉ងក្នុងស្រុក) ថា លំនៅដ្ឋាន ម៉ាអាឡាហ្គូ (Mar-A-Lago) របស់លោកនៅក្នុងរដ្ឋ ផ្លរីដា កំពុងត្រូវបានប៉ូលីស FBI ជាច្រើននាក់ឆ្មក់ចូលឆែកឆេរ នៅក្នុងអ្វីដែលលោក ត្រាំ ហៅថា ជាទង្វើនៃ «ការប្រព្រឹត្តខុសរបស់ព្រះរាជអាជ្ញា»។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ អង្គារ ទី ០៩ ខែ សីហា ឆ្នាំ ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់លោក ត្រាំ បាននិយាយថា ផ្ទះរបស់លោកនៅទីក្រុង Palm Beach ត្រូវបានគ្រប់គ្រងដោយមនុស្ស១ក្រុម ដែលជាភ្នាក់ងារប៉ូលិស FBI ខណៈមានសេចក្ដីរាយការណ៍ថា ការចុះឆែកឆេរខាងលើ មានជាប់ពាក់ព័ន្ធនឹងការស្វែងរកឯកសារ ១ចំនួន ដែលអតីតប្រធានាធិបតីអាមេរិករូបនេះ បានយកចេញពីសេតវិមាន ទៅកាន់ផ្ទះរបស់លោក។

ប៉ុន្តែមិនទាន់មានការបញ្ជាក់លម្អិតពីឯកសារទំាងនោះទេ រីឯខាងក្រសួងយុត្តិធម៌ និង ប៉ូលិស FBI ក៏មិនបានធ្វើការអត្ថាធិប្បាយអ្វីនៅឡើយនោះដែរ ហើយប្រតិបត្តិការនេះទៀតសោត ធ្វើឡើងនៅចំពេលលោក ត្រាំ កំពុងស្ថិតនៅឯអគារ Trump Tower ក្នុងទីក្រុងញូយ៉ក។

យ៉ាងណាម៉ិញ លោក ដូណាល់ ត្រាំ បានថ្កោលទោសយ៉ាងខ្លាំងចំពោះប្រតិបត្តិការចុះឆែកឆេរ ដោយចាត់ទុកថាវាជាពេលវេលាដ៏ខ្មៅងងឹតសម្រាប់សហរដ្ឋអាមេរិក និង ជាចេតនាអាក្រក់ក្នុងការរារាំងកុំឱ្យរូបលោកចូលរួមប្រកួតប្រជែងជាថ្មី ក្នុងការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ ២០២៤៕

ប្រភព៖ CNA

Share.