ភ្នំពេញ៖បុរសជនសង្ស័យពីរនាក់ជិះម៉ូតូធ្វើសកម្មភាពឆក់កាបូបពីបុរសជនជាតិចិនម្នាក់បានសម្រេចរួចព្យាយាមជិះរត់តែត្រូវជនរងគ្រោះបើករថយន្តម៉ាកអាលហ្វាតដេញបុកពីក្រោយបណ្តាលអោយដួលរួចជនសង្ស័យក៏បានរត់គេចខ្លួនចោលម៉ូតូមួយគ្រឿង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២រំលងអធ្រាត្រឈានចូលថ្ងៃទី ៩ខែសីហាឆ្នាំ ២០២២ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្សក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

បើយោងតាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសជនជាតិចិនមានគ្នា ៤នាក់បានចូលក្នុងខារ៉ាអូខេមួយកន្លែងចំណុចផ្លូវព្រះមុន្នីវង់ជិតនិងស្តុបបូកគោ រួចក៏បានចេញមកវិញហើយកាន់កាបូបនៅនឹងដៃបម្រុងនឹងឡើងរថយន្តស៊េរីទំនើបម៉ាកអាលហ្វាតពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ2AU-3200 ត្រឡប់ទៅខុនដូវិញ។ភ្លាមនោះដែរស្រាប់តែលេចមុខជនសង្ស័យមានគ្នាពីរនាក់ម៉ូតូម៉ាកឃ្លីកពណ៌ក្រហម មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1IX-1642ជិះមកពីក្រោយរួចក៏ឈោងដៃឆក់យកកាបូបពីបុរសជនជាតិចិនបានសម្រេចហើយបានព្យាយាមជិះរត់ទៅមុខគេចខ្លួនភ្លាមនោះដែរ។ពេលនោះជនរងគ្រោះជាជនជាតិចិនក៏បានឡើងទៅលើរថយន្តម៉ាកអាលហ្វាតបើកប្រដេញតាមជនសង្ស័យពីក្រោយរហូតមកដល់ត្រង់ចំណុចផ្លូវ៦៣កែងផ្លូវ ៣៨០ជិតផ្សារបឹងកេងកងក៏ជាន់ហ្គែរទៅបុកពីក្រោយម៉ូតូជនសង្ស័យយ៉ាងពេញទំហឹងបណ្តាលអោយដួលខ្ទាតពេញផ្លូវ រួចបុរសជាជនសង្ស័យទាំង២នាក់ក៏បានប្រវេប្រវ៉ានាំគ្នាទុកម៉ូតូនិងកាបូបដែលឆក់បានចោលនៅកន្លែងកើតហេតុរត់គេចខ្លួនបាត់ស្រមោល។ ចំណែកឯរថយន្តស៊េរីទំនើបម៉ាកអាលផាតវិញបន្ទាប់ពីបុកម៉ូតូជនសង្ស័យពីក្រោយដួលរួចក៏បានរេចង្កូតទៅបុកចូលផ្ទះពលរដ្ឋរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ និងខូចខាតទ្វារផ្ទះពលរដ្ឋអស់មួយចំនួនធំផងដែរ។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចពិនិត្យ និងទាក់ទងទៅផ្នែកជំនាញចរាចរណ៍ចុះមកដល់ធ្វើកំណត់ហេតុយកម៉ូតូជនសង្ស័យទៅរក្សាទុកនៅអធិការដ្ឋាននគបាលខណ្ឌបឹងកេងកង និងអោយជនរងគ្រោះដាក់ពាក្យបណ្តឹងតាមស្រាវជ្រាវមុខសញ្ញាជនសង្ស័យទៅតាមក្រោយដើម្បីឃាត់ខ្លួនយកមកចាត់ការទៅតាមច្បាប់។ ចំណែកឯរថយន្តវិញដោយម្ចាស់ផ្ទះព្រមព្រៀងនិងទទួលយកសំណងពីបុរសជនជាតិចិនដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុក្រោយមកជនរងគ្រោះបានហៅរថយន្តស្ទូចមកស្ទូចយករថយន្តទៅជួសជុលដោខ្លួនឯង៕

អត្ថបទ និង រូបភាព ៖ទូច វិច្ឆិកា

Share.