ប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆនតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់លោកបានបញ្ចេញប្រតិកម្មចំពោះមន្ទីរព្យាបាលឯកជនមួយដែលបានយកតម្លៃព្យាបាលខ្ពស់ហួសហេតុនិង បានពន្យារពេលក្នុងការបញ្ជូនអ្នកជំងឺទៅសង្គ្រោះបន្ទាន់នៅទីតាំងផ្សេង។
បើតាម លោកឧត្តមសេនីយ៍ ស្ថានភាពជម្ងឺស្ថិតនៅគ្រោះថ្នាក់នៅឡើយ ដោយសារការសង្គ្រោះបឋមមានភាពយឺតយ៉ាវ ។ ឈាមកកក្នុងខួរក្បាល បែកលលាក៍ក្រោយ បែកឆ្អឹងក បាក់ដៃ ខ្ទាំសួតខ្លាំង និងមានឈាមហូរតាមត្រចៀក ។

លោកថា មន្ទីរពហុព្យាបាល ម្លិះដង្ហោ ត្រូវតែទទួលខុសត្រូវភាពអសីលធម៌របស់ខ្លួន ។ តាមរយៈមើល Comments មន្ទីរព្យាបាលមួយនេះមានបញ្ហាច្រើនលើកច្រើនសារមកហើយ ចុះហេតុអ្វីនៅដំណើរការបានយ៉ាងរលូន នៅផ្តល់ឱ្យពួកគេបង្កើតភាពឈឺចាប់ដល់ប្រជាជនបន្តទៀត?
ដល់រឿងខ្ញុំវិញ ខាងមន្ទីរពហុព្យាបាលបានខិតខំផ្សាយលាងគូថថាអត់ប្រឡាក់លាមកនោះទេ ហើយបញ្ជាឱ្យខ្ញុំលុបអ្វីៗបានបង្ហោះចេញ ។ ទៅមិនរួចទេ… ខ្ញុំដឹងថាខ្ញុំកំពុងធ្វើអ្វី! ខ្ញុំនឹងរង់ចាំទទួលខុសត្រូវគ្រប់បែបគ្រប់យ៉ាងប្រសិនការបង្ហោះរបស់ខ្ញុំខុសច្បាប់ឬខុសក្រមសីលធម៌ឬខុសពីការពិត។ល។
លោករៀបរាប់ទៀតថា ឪពុកក្មេងរងគ្រោះជិះម៉ូតូទាំងយប់ពីឃុំទឹកថ្លា ខេត្តព្រៃវែងទាំងខ្លួនគេគ្មានប្រាក់សូម្បី ១០០០០ រៀល ។ ខ្ញុំបានជូនទៅមន្ទីរពហុព្យាបាល ២០០ ដុល្លារនិងសុំបញ្ជូនក្មេងនោះទៅពេទ្យគន្ធបុប្ផាទាំងម្តាយគេសំពះអង្វរទៀត តែអស់លោកលោកស្រីមិនព្រមឡើយ ។ អស់លោកគិតមើល តើអស់លោកបានធ្វើអ្វីខ្លះបានជាអស់លោកទារសេវាពីគ្រួសារគ្នារហូត ៤២០ ដុល្លារ តើមន្ទីរពេទ្យរបស់អស់លោកជាស្តង់ដារពេទ្យសង្ហបុរីមែនទេ???? តែដោយសារឃើញក្មេងឈឺទ្រហ៊ោយំនិងភ័យខ្លាចជួយសង្គ្រោះលែងបាន ខ្ញុំសុខចិត្តបង់គ្រប់ ៤២០ ដុល្លារ បែរជាអស់លោកមិនព្រមឱ្យចេញទៀត ទាមទារឱ្យខ្ញុំលុបការបង្ហោះក្នុងហ្វេសបុកជាមុនសិន ។ នេះឬសីលធម៌? នេះឬគុណធម៌? ប៉ូលីសទាំងហ្វូងមានទាំងអធិការស្តីទីដឹកនាំចុះផ្ទាល់ទើបអស់លោកយល់ព្រមបញ្ជូន តើអស់លោកមានចេតនាអ្វី? អាយុជីវិតណា…អស់លោក ។

លោកបានបញ្ជាក់ក្នុងន័យដើមយ៉ាងដូច្នេះទៀតថា ខ្ញុំសង្ឃឹមថា ករណីនេះនឹងមានយុត្តិធម៌ដល់ក្មេងរងគ្រោះ និងគ្រួសាររងគ្រោះ ពិសេសមានយុត្តិធម៌សង្គមមួយ ដែលនឹងជាគំរូមួយដល់មន្ទីរព្យាបាលឯកជននានានៅទូទាំងប្រទេស ។ ប្រជាជនខ្មែររង់ចាំយុត្តិធម៌មួយនេះ តែបើខ្ញុំជាអ្នកខុស ខ្ញុំសុខចិត្តទទួលខុសត្រូវចំពោះមុខច្បាប់ ។
មានបងៗប្អូនៗជាច្រើនកូមិនចង់ជួយកុមារក្រីក្រមួយនេះ ខ្ញុំសូមផ្តល់លេខ +855 16 759 455 ឪពុកបង្កើតក្មេង រងគ្រោះ ទៅកាន់បងៗប្អូនៗទាក់ទងសួរនាំផ្ទាល់តែម្តង ដែលខណៈនេះ ពេលនេះគាត់កំពុងមើលកូនគាត់នៅមន្ទីរពេទ្យគន្ធបុប្ផា។

សូមរំលឹកថា ក្មេងរងគ្រោះម្នាក់នេះ បានជួបគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី៨ខែសីហាឆ្នាំ២០២២ និងត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរព្យាបាលខាងលើ។ ជនរងគ្រោះម្នាក់នេះស្ថិតក្នុងចំណោម២នាក់ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ ខណៈដែលក្មេងរងគ្រោះម្នាក់ទៀតបានស្លាប់បាត់បង់ជីវិត នៅសល់កុមារម្នាក់នេះរងគ្រោះធ្ងន់ដែលត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា ។ មន្ទីរព្យាបាលមិនព្រមបញ្ជូនកុមារនោះចេញឡើយ ដោយសារម្តាយជនរងគ្រោះពុំមានប្រាក់បង់គ្រប់ចំនួន ៤២០ តាមការចេញវិក័យប័ត្រ ម្តាយក្មេងរងគ្រោះសំពះអង្វរសុំបង់ ២០០ ដុល្លារ៕

