យោងកាសែត The Washington Post បានចេញផ្សាយថា មានមនុស្សចំនួន ៧នាក់បានស្លាប់ និង ៦នាក់បាត់ខ្លួន ប៉ុន្ដែបើយោងតាមសារព័ត៌មានក្នុងស្រុក The Korea Times បានចេញផ្សាយថា ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់មានចំនួនដល់ទៅ ៨នាក់ ហើយអ្នកបាត់ខ្លួនមាន ៦នាក់ ដូចគ្នា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Korea Times នាថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០២២។

ក្រុមមន្រ្តីកូរ៉េខាងត្បូងបាននិយាយនាថ្ងៃ អង្គារ ទី ០៩ ខែ សីហា នេះថា ភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងរយៈពេល ៨០ឆ្នាំ បានវាយប្រហារទីក្រុង សេអ៊ូល និង តំបន់ជុំវិញនោះ ដោយបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ៨នាក់ស្លាប់ និង ៦នាក់ផ្សេងទៀតបានបាត់ខ្លួន ដោយទឹកជំនន់បានជនលិចផ្ទះសម្បែង យានយន្ដ អគារ និង ស្ថានីយ៍រថភ្លើងក្រោមដី។

ផ្នែកខ្លះនៃទីក្រុងសេអ៊ូល ទីក្រុងកំពង់ផែភាគខាងលិចនៃខេត្ត អ៉ីនឈ័ន (Incheon) និងខេត្ត ជីយ៉ុងហ្គី (Gyeonggi) ដែលព័ទ្ធជុំវិញទីក្រុងសេអ៊ូល បានទទួលរងនូវភ្លៀងធ្លាក់ខ្លាំងជាង ១០០មីលីម៉ែត្រ ក្នុង១ម៉ោង កាលពីយប់ថ្ងៃចន្ទសប្តាហ៍នេះ ជាមួយនឹងរបាយទឹកភ្លៀងលើសពី ១៤១.៥មីលីម៉ែត្រ ក្នុង១ម៉ោង នៅសង្កាត់ដុងចាក់ (Dongjak) នៃទីក្រុងសេអ៊ូល ដែលជាកម្រិតខ្ពស់បំផុត គិតចាប់តាំងពីឆ្នាំ១៩៤២ មក។

រដ្ឋបាលឧតុនិយមកូរ៉េបាននិយាយថា ភ្លៀងធ្លាក់រហូតដល់ ៣០០មីលីម៉ែត្រ បន្ថែមទៀត ត្រូវបានព្យាករណ៍សម្រាប់តំបន់រដ្ឋធានីរហូតដល់ថ្ងៃព្រហស្បតិ៍ ដោយខេត្ត ជីយ៉ុងហ្គី (Gyeonggi) ភាគខាងត្បូងទំនងជានឹងមានភ្លៀងធ្លាក់លើសពី ៣៥០មីលីម៉ែត្រ។

ភ្លៀងធ្លាក់ខ្លាំងលាយឡំជាមួយគ្រោះទឹកជំនន់ បានធ្វើឲ្យមនុស្ស ៥នាក់ស្លាប់ និង ៤នាក់ទៀតបាត់ខ្លួននៅក្នុងទីក្រុងសេអ៊ូល ខណៈនៅក្នុងខេត្ត ជីយ៉ុងហ្គី (Gyeonggi) មានមនុស្ស ២នាក់បានស្លាប់ និង២នាក់ទៀតបានបាត់ខ្លួន គិតត្រឹមម៉ោង៦ព្រឹកថ្ងៃ អង្គារ នេះ។

រីឯមនុស្សចំនួន ៩នាក់ បានរងរបួសនៅក្នុងខេត្ត ជីយ៉ុងហ្គី (Gyeonggi) ហើយមនុស្ស ២៣០គ្រួសារនៅក្នុងតំបន់រដ្ឋធានី ត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព នៅតាមសាលារៀន និងកន្លែងសាធារណៈផ្សេងទៀត។

គួរបញ្ជាក់ថា ទីភ្នាក់ងាររដ្ឋបាលព្រៃឈើកូរ៉េខាងត្បូង បានចេញសេចក្តីណែនាំអំពីការរអិលបាក់ដីនៅក្នុងទីក្រុង និង ស្រុកចំនួន ៤៧ នៅទូទាំងប្រទេសនាព្រឹកថ្ងៃអង្គារនេះ រួមទាំងនៅក្នុងស្រុកចំនួន៩ នៃទីក្រុងសេអ៊ូល រួមទាំងផ្នែកខ្លះនៃខេត្តភាគខាងជើង និង ខាងត្បូងផងដែរ៕

ប្រភព៖ The Korea Times

Share.