ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាង រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារអន្តរក្រសួងដើម្បីចុះសិក្សា និងដោះស្រាយករណីឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាលិចក្នុងទន្លេ បានឱ្យងថាគិតមកដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២នេះ ក្រុមការងារបានស្រង់គ្រាប់យុទ្ធភណ្ឌក្រោមទឹកដែលរាជរដ្ឋាភិបាលបានបង្កើតឡើងនោះ បានបើកប្រតិបត្តិការស្រង់គ្រាប់យុទ្ធភណ្ឌក្រោមទឹកបានជាង១ពាន់គ្រាប់ ស្មើនឹងជាង១៧តោន។ ឯកឧត្តមបានថ្លែងឱ្យដឹងបែបនេះនាឱកាសបើកិច្ចប្រជុំក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២នេះ។

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដឹកនាំពិនិត្យវឌ្ឍនភាពកិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក និងស្រង់នាវាលិចក្នុងបាតទន្លេ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារអន្តរក្រសួងដើម្បីចុះសិក្សា និងដោះស្រាយករណីឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាលិចក្នុងទន្លេ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកស៊ីម៉ាក់។

ឯកឧត្តមបន្តថា មន្រ្តីក្រុមការងារទាំងអស់បានខិតខំពុះពាររាល់ការលំបាក និងហ៊ានពលិកម្មគ្រប់បែបយ៉ាង ដើម្បីបំពេញបេសកកម្មតាមបទបញ្ជារាជរដ្ឋាភិបាល ទោះបីជាមិនទាន់មានកញ្ចប់ថវិកាដើម្បីគាំទ្រកិច្ចប្រតិបត្តិការនេះក៏ដោយ។ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ក៏បានមានប្រសាសន៍ក្នុងកិច្ចប្រជុំនោះដែរថាសម្រាប់ការដ្ឋានបោសស្អាតគ្រាប់យុទ្ធភណ្ឌក្រោមទឹកនៅឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែងង ក្រសួងរ៉ែ និងថាមពល បានសម្របសម្រួលដំណើរការប៊ូមខ្សាច់ចេញបានប្រមាណជាង៥រយ៨ពាន់ម៉ែត្រត្រីគុណ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថារាជរដ្ឋាភិបាល បានដាក់គោលដៅបោសសម្អាតគ្រាប់យុទ្ធភណ្ឌក្រោមទឹកដែលបន្សល់ពីសម័យសង្គ្រាមឱ្យអស់ដើម្បីសុវត្ថិភាពប្រជាពលរដ្ឋ និងសម្រួលដល់ដំណើរនាវាចរណ៍ រួមទាំងការងារផ្សេងៗទៀតពាក់ព័ន្ធនឹងទន្លេ។ សម្ដេចបានវាយតម្លៃខ្ពស់ ចំពោះការងារដែលបានខិតខំធ្វើពលិកម្ម បោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក និងស្រង់នាវាលិចក្នុងបាតទន្លេបានជាបន្តបន្ទាប់ ទោះបីជាមានឧបសគ្គខ្លះក៏ដោយ។

សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី បានបន្តលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំ និងក្រុមការងារប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌក្រោមទឹកបន្តការបំពេញបេសកម្មឱ្យទទួលបានជោគជ័យ។ ជាមួយគ្នានេះ សម្ដេចក៏បានមានប្រសាសន៍ដែរថា ចំពោះបញ្ហាប្រឈមមួយចំនួនដែលក្រុមការងារបានលើកឡើងក្នុងកិច្ចប្រជុំពាក់ព័ន្ធនឹងកិច្ចប្រតិបត្តិការនោះ សម្ដេចរួមទាំងថ្នាក់ដឹកនាំនឹងខិតខំជំរុញការដោះស្រាយដើម្បីធានាគាំទ្រដំណើរការប្រតិបត្តិការរបស់ក្រុមការងារឱ្យប្រព្រឹត្តិទៅដោយរលូនផងដែរ។

សូមបញ្ជាក់ថាក្រុមការងារអន្តរក្រសួងបានទទួលភារកិច្ចធ្វើកិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក និងស្រង់នាវាលិចពីបាតទន្លេមានចំនួន៥ការដ្ឋានរួមមាន ការដ្ឋានទី១ ស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម (បានបិទបញ្ចប់) ការដ្ឋានទី២ ស្ថិតនៅភូមិបឹងគ្រុំ ឃុំបឹងគ្រុំ ស្រុកល្វាឯម ខេត្តកណ្តាល ការដ្ឋានទី៣ ស្ថិតនៅភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ការដ្ឋានទី៤ ស្ថិតនៅភូមិបឹងក្អែក ឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែង ការដ្ឋានទី៥ ស្ថិតនៅភូមិកោះពាមរាំង ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង៕

Share.