
ការប្រកួតរវាងក្រុមណាហ្គាវើលដ៍ និងអាស៊ីអឺរ៉ុបសម្រាប់ជើងទី២វគ្គ១៦ក្រុមថ្នាក់ជាតិពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៦ ឆ្នាំ២០២២ នឹងត្រូវបន្តលេងនៅទីលានវាលស្មៅធម្មជាតិនៃកីឡដ្ឋាន អេអ៊ីយូ ស្តតផាកដដែល។
តាមរយៈកាលវិភាគផ្លូវការរបស់គណៈកម្មការពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ការប្រកួតជើងទីមួយរវាងណាហ្គាវើលដ៍ និងអាស៊ីអឺរ៉ុបត្រូវលេងនៅ កីឡដ្ឋាន អេអ៊ីយូ ស្ពតផាក ហើយជើងទី២ ត្រូវលេងនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ នឹងត្រូវលេងនៅកីឡដ្ឋានខេត្តកំពង់ស្ពឺ។
តែយ៉ាងណាសម្រាប់ជើងទី២ការប្រកួតនៅកីឡដ្ឋានខេត្តកំពង់ស្ពឺមិនអាចធ្វើឡើងទៅបានដោយសារហេដ្ឋារចនាសម្ព័នក្នុងកីឡដ្ឋានមិនទាន់រួចរាល់តាមការគ្រោងទុកនៅឡើយ។ កាលពីជើងទីមួយណាហ្គាវើលដ៍បានយកឈ្នះម្ចាស់ផ្ទះអាស៊ីអឺរ៉ុបក្នុងលទ្ធផល៤ទល់០ដែលទាត់បញ្ចូលទីដោយកីឡាករ ណុប តុលា ២គ្រាប់, ហេង ទីណា ១គ្រាប់ និងខ្សែការពារ នេន សុធារដ្ឋ ១គ្រាប់ ផងដែរ៕





