តារាសម្ដែងខ្ពស់សង្ហា សេង មង្គល បានបង្ហាញវីដេអូប្រាប់មហាជនគ្រប់គ្នាឱ្យដឹងថា កៀកដល់រដូវកាលពិធីបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះ លោកមានគម្រោងទិញគ្រឿងពេជ្រឱ្យអ្នកមានគុណទាំងពីររបស់លោក។
លោក សេង មង្គល បានរៀបរាប់ប្រាប់មហាជនថា ៖ «កើតចេញលើសពីការគោរព ស្រលាញ់ ដឹងគុណ គ្រប់បែបយ៉ាង ហើយនេះក៏ជាកាដូសម្រាប់លោកអ្នកមានគុណទាំងពីរ❤️🙏🏻 »។

ទោះជាយ៉ាងណាក្ដី អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកហាក់ដូចមិនសូវចាប់អារម្មណ៍ចំពោះរឿងទិញគ្រឿងនោះប៉ុន្មានទេ អ្វីដែលគេចាប់អារម្មណ៍នោះគឺសម្ដីសម្ដៅរបស់លោក សេង មង្គល ដែលហៅលោកស្រី ទ្រី ដាណាថា ៖ «ចែៗ បងអីចឹង?»។ ស្ដាប់មើលទៅពាក្យហាក់មិនស្និទ្ធស្នាល មិនផ្អែមល្ហែម ទើបអ្នកលេងបណ្ដាញសង្គមម្នាក់បានបោះពាក្យឱ្យលោក សេង មង្គលថា ៖ «ម៉េចហៅចែ បងអីចឹង? ហៅអូនៗបានស្និទ្ធ»។ ប៉ុន្តែលោក សេង មង្គល ហាក់ឆ្លើយតបដូចរបៀបដកដង្ហើមធំចេញពីពោះមកវិញថា ៖ «ប៉ អើយ!»។ តែមានហ្វេនម្នាក់ទៀតទឹកចិត្តលោកថា ៖ «ប្អួនមង្គលស្រលាញ់ចែដាណាឱ្យបានច្រើន សមគ្នាណាស់»។

ការបង្ហាញសងកម្មភាពទិញគ្រឿងពេជ្រដ៏មានតម្លៃក្បែរខ្ទង់ម៉ឺនដុល្លារនោះ គេសង្គេតឃើញមានការទស្សនាគាំទ្រច្រើន រហូតដល់ត្រឹមរយៈពេល ១ថ្ងៃ មានចំនួនអ្នកចង់ដឹងពីជីវិតឯកជនលោក សេង មង្គល ដល់ទៅខ្ទង់លាន Views។ នៅក្នុងនោះដែរ លោក សេង មង្គល ក៏បានបង្ហើបថា នាពេលបុណ្យភ្ជុំបិណ្ឌខាងមុខនេះ លោកមានគម្រោងទៅលេងខេត្តពោធិ៍សាត់ ដែលជាស្រុកកំណើតរបស់លោក។

គួរឱ្យចាប់អារម្មណ៍ដែលថា នៅពេលងាកមកធ្វើជា BA ថៅកែហាងពេជ្រ ដាណា ទ្រី លោក សេង មង្គល មិនត្រឹមតែធ្វើឱ្យមហាជនហ្វេនអ្នកមេម៉ាយស្ដុកសមរូបនេះរបស់កាន់តែស្គាល់តារារូបនេះកាន់តែខ្លាំង រាសីរបស់លោកកាន់តែឡើងខ្លាំងស្រើតៗតែម្ដង ដោយសារតែប្រជាប្រិយភាពកំពុងពុះកញ្ច្រោលឡើង ទើបធ្វើឱ្យការកំណត់តម្លៃខ្លួនក្នុងការថតភាពយន្តឡើងទ្វេរមួយគុណនឹងពីរ។
គេអាចនិយាយបានថា មួយរឿងពីមុនលោកទទួលបានតម្លៃតែ ៥ពាន់ដុល្លារប៉ុណ្ណោះ តែពេលនេះគឺមួយចាប់ពី ១ម៉ឺនដុល្លារឡើងទៅ។ នេះបើតាមការបង្ហើបពីផលិតករភាពយន្តខ្មែរ៕




