
ឯកឧត្តម ហ៊ុន ម៉ានី អះអាងថាមិនធ្លាប់រំពឹងថានឹងមានសៀវភៅសរសេរអំពីខ្លួនឯងឡើយ និងបានចាត់ទុកសៀវភៅ «ក្តីសង្ឃឹម ហ៊ុនម៉ានី»ថានឹងអាចឱ្យមហាជនស្គាល់ឯកឧត្តមកាន់តែច្បាស់ ក្រៅពីស្គាល់ត្រឹមជាកូននាយករដ្ឋមន្ត្រី។ ឯកឧត្តមថ្លែងបែបនេះក្នុងកិច្ចពិភាក្សា «ក្ដីសង្ឃឹម ហ៊ុន ម៉ានី» នៅក្រុងសៀមរាប រៀបចំដោយសារព័ត៌មានថ្មីៗនៅថ្ងៃទី១០ ខែសីហានេះ។
សៀវភៅក្ដីសង្ឃឹម ហ៊ុន ម៉ានី ក៏ធ្វើឱ្យឯកឧត្តម ហ៊ុន ម៉ានី ស្គាល់ខ្លួនឯងដែរ។ ឯកឧត្តមបានអះអាងថាសៀវភៅនេះ បានធ្វើឱ្យឯកឧត្តមស្គាល់ខ្លួនឯងកាន់តែច្បាស់ និងឈ្វេងយល់ពីសកម្មភាពការងាររបស់ខ្លួន ថាតើបានជះឥទ្ធិពលអ្វីខ្លះលើមនុស្សជុំវិញខ្លួន និងសង្គមជាតិ។
នៅចំពោះមុខអ្នកចូលរួមកណ្ដាលក្រុងសៀមរាបដែលភាគច្រើនជាយុវជន ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហាញជំនឿចិត្តថាតាមរយៈសៀវភៅនេះ ឯកឧត្តមនឹងអាចចែករំលែកមនសិការស្នេហាជាតិដល់យុវជនជំនាន់ក្រោយ និងចាប់ផ្តើមសកម្មភាពរបស់ខ្លួនក្នុងនាមជាយុវជនខ្មែរ មួយរូបដើម្បីបុព្វហេតុជាតិកម្ពុជា។

លោក លាង ដឺលុច អ្នកនិពន្ធសៀវភៅ ក្តីសង្ឃឹម ហ៊ុន ម៉ានី បានថ្លែងថាសៀវភៅនេះនឹងបង្ហាញឱ្យសាធារណៈបានស្គាល់ ឯកឧត្តម ហ៊ុន ម៉ានី កាន់តែច្បាស់ អំពីការ តស៊ូ ការបរាជ័យ និងភាពជោគជ័យរបស់ឯកឧត្តម ជាអ្នកបន្តវេននយោបាយជំនាន់ក្រោយ។
លោក លាង ដឺលុច បន្តថា ក្តីសង្ឃឹម ហ៊ុន ម៉ានី ក្នុងសៀវភៅនេះ គឺក្តីសង្ឃឹមចំពោះជាតិនិងប្រជាជន ដោយឯកឧត្តមចង់ឃើញវិបុលភាពប្រជាជន ចង់ឃើញភាពរុងរឿងរបស់ប្រទេស និងប្រជាជន ហើយថាសង្ឃឹមនេះធ្វើឱ្យឯកឧត្តម ហ៊ុន ម៉ានី ដើរទៅមុខជានិច្ច និងក៏ជាក្តីសង្ឃឹមរបស់កម្ពុជាដែរ។
សូមបញ្ជាក់ថាកិច្ចពិភាក្សា «ក្តីសង្ឃឹមហ៊ុនម៉ានី» មានការចូលរួមពីឯកឧត្តម ហ៊ុន ម៉ានី, លោក ហ្សង់-ហ្រ្វង់ស័រ តាន់, លោក ប៉ែន បូណា, លោក គី សុខលីម និងលោក លាង ដឺលុច រួមទាំងសិស្សនិស្សិត យុវជន ប្រជាពលរដ្ឋនៅក្នុង ខេត្តសៀមរាប ជិត២០០នាក់៕

