កណ្តាល៖ បុរសម្នាក់បានបែកក្បាលធ្លាយខួរស្លាប់នៅនឹងកន្លែងកើតហេតុ យ៉ាងអាណាចអាធ័ម បន្ទាប់ពី ជិះម៉ូតូមួយគ្រឿងបានទាក់ដៃចង្កូតជាមួយរថយន្តបែនដឹកខ្សាច់ ក៏ដួលខ្ទាតចូលក្រោមកង់រថយន្តកិនបណ្តាលឲ្យស្លាប់ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរ និងសមត្ថកិច្ច កាលពីវេលាម៉ោង៨ និង១០នាទីយប់ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រកែងនិងផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ យ៉ន ធាន ភេទប្រុសអាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតភូមិដំណាក់ច្រក្រំ ឃុំស្នាយអញ្ចិត ស្រុកជុំគីរី ខេត្តកំពត។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសរងគ្រោះខាងលើជិះម៉ូតូម៉ាក Yamaha ស៊ីរូស ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1T-8486 ធ្វើដំណើរតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ទិសដៅពីកើតទៅលិច។ ខណៈមកដល់ចំណុចកើតហេតុក៏បានទាក់ដៃចង្កូតជាមួយរថយន្តបែនដឹកខ្សាច់ ក្បាលពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3F -4324 បើកបរដោយបុរសម្នាក់ស្របគ្នាបណ្ដាលឲ្យម៉ូតូដួលខ្ទាតមកខាងស្ដាំ ឯជនរងគ្រោះខ្ទាតទៅខាងឆ្វេងចូលក្រោមកង់រថយន្តខាងមុខកិនបែកក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័ម ។ ភ្លាមនោះដែរអ្នកបើកបររថយន្តបង្កដឹងខ្លួនថាកិនមនុស្សស្លាប់ក៏ឈប់រថយន្តចុះរត់ចូលព្រៃបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ក្រុងតាខ្មៅចុះធ្វើការវាស់វែងយករថយន្តបង្កនិងម៉ូតូរងគ្រោះទៅរក្សាទុករង់ចាំដោះស្រាយបន្តនាពេលក្រោយ ។ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ រួចប្រគល់ឲ្យក្រុមគ្រួសារនិងសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕


អត្ថបទ និង រូបភាព ៖ ទូច វិច្ឆិកា
