ភ្នំពេញ៖បុរសម្នាក់បើករថយន្តកូរ៉ូឡាលឿនហ្វ្រាំងមិនទាន់ជ្រុលទៅបុកពីក្រោយរថយន្តបាឡែន បណ្តាលឲ្យរងការ ខូចខាតតែបន្តិចបន្តួច ក៏ប៉ុន្តែមិនបានឈប់ដោះស្រាយ ព្យាយាមបើករត់គេចទៅវិញ រហូតជ្រុលទៅកៀររថយន្តព្រុសមួយគ្រឿងទៀត បណ្តាលឲ្យរងការខូចខាត ទើបទៅមុខលែងរួច ដោយសារបែកកង់ម្ខាង កាលពីវេលាម៉ោង ១០និង៣៥នាទីយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ នៅតាមផ្លូវលេខ៤៣០ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្កម៉ាកកូរ៉ូឡា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 22D-2757 បើកបរដោយបុរសម្នាក់ ក្នុងសភាពស្រវឹង លើផ្លូវ២៧១ ពីជើងទៅត្បូង លឿនជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកពីក្រោយរថយន្តបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2X-4028 ក្នុងដំណើរស្របទិស គ្នា បណ្តាលឲ្យរងការខូចខាតតែបន្តិចបន្តួចផ្នែកខាងឆ្វេង តែមិនឈប់ដោះស្រាយគ្នា បែរជាព្យាយាមបើករត់ទៅវិញ ទៅដល់ផ្លូវ៤៣០ជ្រុលបុករថយន្តម៉ាកព្រុស ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AZ-4392 មួយគ្រឿងទៀត បណ្តាលឲ្យរងខូចខាត រថយន្តបង្កបែកកង់ម្ខាង រត់ទៅមុខទៀតលែងរួច ។

ក្រោយកើតហេតុ ភាគីរថយន្តខាងរថយន្តព្រុស សុំមិនទាមទារសំណងនោះឡើយ សល់តែភាគីរថយន្តកូរ៉ូឡានិងរថយន្តបាឡែន សមត្ថកិច្ចទុកឱកាសឲ្យនិយាយសម្របសម្រួលគ្នា។ ទីបំផុតខាងរថយន្តបង្ក សុខចិត្តចេញសងថ្លៃខូចខាតទៅឲ្យភាគីរថយន្តបាឡែន ដើម្បីបញ្ចប់រឿងនៅកន្លែង ៕

អត្ថបទ និង រូបភាព ៖ ទូច វិច្ឆិកា
