
ដើម្បីអបអរសាទរ ពិធីបុណ្យចេញព្រះវស្សាខាងមុខនេះ រដ្ឋបាលខេត្តបាត់ដំបង គ្រោងរៀបចំពិធីបុណ្យអុំទូក បណ្ដែតប្រទីបលើកទី២១ ឆ្នាំ២០២២ នៅតាមបណ្ដោយដងស្ទឹងសង្កែ ក្រុងបាត់ដំបង។ នៅព្រឹកថ្ងៃទី១១ ខែសីហានេះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ស្ដីពីការរៀបចំពិធីដ៏មហោឡារិកនេះជាលើកទី២១ ក្រោយខកខានរយៈពេលជា២ឆ្នាំ ដោយសារជំងឺកូវីដ-១៩។
ឯកឧត្តម សុខ លូ ដែលទើបឡើងកាន់មុខតំណែងជាអភិបាលខេត្តបាត់ដំបងកាលពីឆ្នាំ២០២១ បានណែនាំដល់ក្រុមការងាររៀបចំពិនិត្យមើលទីតាំងត្រៀមលក្ខណៈរៀបចំពិធីអុំទូកនេះ ដូចជាចុះពិនិត្យមើលទីតាំងចុះទូកប្រណាំង ដើម្បីត្រូវរកទីតាំងណាមានភាពងាយស្រួលក្នុងការចុះ មិនប៉ះពាល់ដល់ទូក និងដើម្បីកុំឱ្យបង្កលក្ខណៈរាំងស្ទះការធ្វើចរាចរណ៍ទីសាធារណៈជាដើម។

បើតាមឯកឧត្តមអភិបាលខេត្ត អុំទូកបាត់ដំបងឆ្នាំនេះក៏មិនខុសពីបណ្ដាឆ្នាំកន្លងទៅដែរ ពោលគឺឆ្នាំនេះនឹងមានការរៀបចំការតាំងពិព័រណ៌ផលិតផល កម្មវិធីកំសាន្តនានា ក៏ដូចជាការបាញ់កាំជ្រួចរយៈពេលពីរយប់ និងកម្មវិធីបណ្ដែតប្រទីបនៅល្ងាចថ្ងៃចេញព្រះវស្សា។ ឯកឧត្តមបានស្នើក្រុមការងាររៀបចំទីកន្លែងសម្រាប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរអាចចុះបណ្ដែតប្រទីប រៀបចំកន្លែងបាញ់កាំជ្រួចដែលមានសុវត្ថិភាព ជាពិសេសចាត់កម្លាំងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យបានគ្រប់គ្រាន់។
ឯកឧត្តមក៏បានណែនាំរដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាព ត្រូវខិតខំស្វែងរកទូកផ្កាចារ ឬទូកបុរាណនានាដែលអាចអុំប្រណាំងបានពីតាមមូលដ្ឋានឱ្យមកចូលរួមពិធីនេះ ដើម្បីបង្កលក្ខណៈកាន់តែសប្បាយ និងដើម្បីបង្ហាញដល់ប្រជាពលរដ្ឋអំពីប្រភេទទូកដែលបានបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយបានស្គាល់ផង។ ពិធីចេញព្រះវស្សាត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២៕

