លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអំពាវនាវឱ្យប្រជាពលរដ្ឋរស់នៅតាមបណ្ដោយដងស្ទឹងក្នុងខេត្តប៉ៃលិន បង្កើនការប្រុងប្រយ័ត្ន ដោយសារការហក់ឡើងនៃទឹកស្ទឹង បណ្ដាលមកពីការធ្លាក់ភ្លៀងច្រើននៅតំបន់ភ្នំ។

តាមរយៈទំព័រហ្វេសប៊ុកភ្ជាប់ដោយរូបភាព និងវីដេអូទឹកកំពុងហូរខ្លាំងកាត់ផ្លូវនិងភូមិឋានប្រជាពលរដ្ឋ លោកជំទាវ បាន ស្រីមុំ បានផ្ដល់លេខទូរសព្ទ២ខ្សែ ដើម្បីឱ្យពលរដ្ឋទាក់ទងស្នើសុំកិច្ចអន្តរាគមន៍ រួមមានលេខ ០១៦៨០៣៣៣៣ និង០៩៧៥៧៩៧៨៧៨។

ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍ថាប្រទេសកម្ពុជានឹងបន្តមានភ្លៀងធ្លាក់ ដោយសារទទួលរងឥទ្ធិពលព្យុះមូឡេន។ កាលពីថ្ងៃម្សិលមិញ ជំនន់ទឹកភ្លៀងបានបន្តលិចភូមិឋានពលរដ្ឋនៅខេត្តព្រះសីហនុ និងស្រុកលំផាត់ខេត្ត រតន​គិរីផងដែរ៕

Share.