ភ្នំពេញ៖រថយន្ត 7 គ្រឿងរងការខូចខាតក្រោយបុកបន្តកន្ទុយគ្នានៅតាមបណ្ដោយផ្លូវជាតិលេខ 6អា។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង 7:30 នាទីព្រលប់ថ្ងៃទី 11 ខែសីហា ឆ្នាំ 2022 តាមបណ្ដោយផ្លូវជាតិលេខ 6 អា ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា ដំបូងឡើយគេឃើញបុរសម្នាក់ បើករថយន្តមួយគ្រឿង ម៉ាក toyota hiace ដឹកអ្នកដំណើរ 14 កៅអីមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ 2BJ-3672 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ 6 អា ក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុ ក៏អកសឺជាមួយរថយន្តខាងមុខ ដែលជាន់ហ្វ្រាំង ទើបបណ្ដាលឱ្យរថយន្តខាងក្រោយបុកបន្តកន្ទុយគ្នាជាបន្តបន្ទាប់រហូត 7 គ្រឿង។ តែជាសំណាងល្អមិនបង្កឱ្យមានអ្នករងរបួសនោះទេ។ រថយន្តដែលរងការខូចខាតទាំង 7 គ្រឿងរួមមានរថយន្ត toyota hiace 14 កៅអីដឹកអ្នកដំណើរ រងការខូចខាតក្រពឹតផ្នែកខាងក្រោយបន្តិចបន្តួច ទី២រថយន្ត ford titanium ពាក់ស្លាកលេខភ្នំពេញ 2AY-0055 រងការខូចខាតទាំងមុខទាំងក្រោយបន្តិចបន្តួច។ ទី៣រថយន្តស៊េរីទំនើបលុចស៊ីស 570 គ្មានស្លាកលេខ រងការខូចខាតទាំងមុខទាំងក្រោយ ទី 4 រថយន្ត ford ranger គ្មានស្លាកលេខរងការខូចខាតទាំងមុខទាំងក្រោយ ទី 5 រថយន្ត ប្រាដូពាក់ស្លាកលេខរដ្ឋ១៦ ២-0623 រងការខូចខាតទាំងមុខទាំងក្រោយ ទី 6 រថយន្ត toyota ត្រៃតុន ពាក់ស្លាកលេខសៀមរាប 2D-7770 រងការខូចខាតទាំងមុខទាំងក្រោយ ទី7 រថយន្ត lexus rx330 ពាក់ស្លាកលេខភ្នំពេញ 2AE-3009 រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ផ្លូវគោកខណ្ឌជ្រោយចង្វារ បានចុះដល់ទីតាំងកន្លែងកើតហេតុ ធ្វើការសម្របសម្រួលឱ្យភាគីទាំង 7 ធ្វើការចរចាដោះស្រាយគ្នា បញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ដើម្បីកុំឱ្យវែងឆ្ងាយ៕

អត្ថបទ៖លី សុភ័ស្ត

Share.