ក្រោយពេលដែល Johnny Depp ប្ដឹងឈ្នះក្ដីប្រមាថអតីតភរិយា Amber Heart មើលទៅឃើញថាជីវិតរបស់លោកហាក់ដូចជាសន្សឹមៗត្រលប់មកជួបតែរឿងរ៉ាវល្អឡើងវិញ ដូចជាថ្មីៗនេះបើតាមការផ្សាយពីសារព័ត៌មាន TMZ បានឱ្យដឹងថាតួអង្គមហាចោរសមុទ្រ Jack Sparrow រូបនេះបានចុះកុងត្រាថ្មីជាមួយនឹងផលិតផល Dior ក្នុងឋានៈជា Presenter ទឹកអប់បុរស Sauvage ដោយកុងត្រាមានរយៈពេលច្រើនឆ្នាំ និងមានតម្លៃជាង១លានសហរដ្ឋអាមេរិក។

ប៉ុន្តែទោះជាមិនមានព័ត៌មានច្បាស់ការពាក់ព័ន្ធនឹងតួលេខពិតប្រាកដក្ដី តែសារព័ត៌មានបរទេសជាច្រើនបានផ្សាយឱ្យដឹងថាតម្លៃកិច្ចសន្យាលើកនេះ អាចនឹងមានតម្លៃប្រហាក់នឹងកិច្ចសន្យាចាស់ដែលលោកធ្លាប់បានពី Dior ដែលតម្លៃកាលណោះប្រមាណពី៣លានទៅដល់៥លានដុល្លារ។
បើមើលនៅលើ Instagram របស់ Dior Beauty បានផុសកាលពីថ្ងៃទី៩ខែសីហា កន្លងទៅនេះបានភ្ជាប់វីដេអូក្រោយឆាករបស់ Johnny Depp នៅក្រុងប៉ារីសប្រទេសបារាំង ដោយរូបភាពខាងលើនេះត្រូវបានថតដោយអ្នកថតរូបល្បីឈ្មោះ Greg Williams ដើម្បីយកទៅប្រើប្រាស់ដាក់ក្នុងឃោសនាផលិតផលទឹកអប់ Sauvage ដែល Johnny Depp បានចុះហត្ថលេខានោះឯង។

បើតាមការឱ្យដឹងពី Business of Fashion បាននឱ្យដឹងថា Depp បានចុះកុងត្រា ជា Presenter ឱ្យទឹកអប់របស់ Dior កាលពីឆ្នាំ២០១៥ បន្ទាប់ពីលោកក្លាយជា Presenter ទឹកអប់នេះបានក្លាយជាទឹកអប់បុរសដែលលក់ដាច់បំផុតរបស់ពិភពលោក ថែមទាំងបំបែកកំណត់ត្រាលទឹកអប់បុរសលក់ដាច់បំផុតរបស់ Dior និងផលិតផលទឹកអប់បុរសប្រេនផ្សេងៗទៀតផងដែរ។
ទោះជាមុននេះ Johnny Depp បានចាញ់ក្ដី Amber Heart ប៉ុន្តែ Dior ក៏នៅតែមិនបោះបង់ចោល Johnny ទោះជាឃោសនាផលិតផលទឹកអប់ Sauvage ត្រូវបានគេដកចេញពីគ្រប់ប្រព៍ន្ធផ្សព្វផ្សាយលើកញ្ចប់ទូរទស្សន៍ តែក៏មិនអាចដករូបថត Johnny Depp ថតរូបគូជាមួយនឹងទឹកអប់បាននោះដែរ។

អ្វីដែលពិសេសនិងកំពុងមានការចាប់អារម្មណ៍លើសពីការចុះកុងត្រាជាមួយនឹងផលិតផល Dior គឺដំណឹងចចាមអារ៉ាមដែលថា លោកនឹងត្រលប់មកសម្ដែងជាតួអង្គព្រះចៅល្វីសទី១៥ របស់ប្រទេសបារាំង ក្នុងភាពយន្តយន្ត La Favorite ដែលបានកំណត់កាលបរិច្ឆេទចាក់ផ្សាយនៅឆ្នាំ២០២៣ខាងមុខ។ តើរឿងនេះពិតឬមិនពិតមានតែរងចាំតាមដានទាំងអស់គ្នាជាបន្តទៀត!។


