នគរបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោម៧នាក់ដែលប្រើប្រាស់ហិង្សាទៅលើជនរងគ្រោះ ២នាក់នៅម្តុំរង្វង់មូលតាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល។ការឃាត់ខ្លួននេះធ្វើឡើងនៅព្រឹកថ្ងៃទី១២ខែសីហាឆ្នាំ ២០២២ នេះ ។
បើតាមសមត្ថកិច្ច ករណីហិង្សានេះកើតឡើងកាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២វេលាម៉ោង ១៩:៣០នាទី យប់។

ជនរងគ្រោះនៅក្នុងសំណុំរឿងនេះរួមមាន៖
១-ឈ្មោះ ធា កូតា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិបុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរសិស្ស (រងរបួសរយះក្បាល និងប្រអប់ដៃខាងឆ្វេង)។
២-ឈ្មោះ សំរុិត ម៉ាធីរ៉ាក់ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរសិស្ស (គ្មានរបួសស្នាម)។

ប្រភពពីនគរបាលបានឲ្យដឹងថា នៅវេលាកេីតហេតុខាងលេី ជនរងគ្រោះបានជិះម៉ូតូម៉ាកSCOOPY ម្នាក់មួយគ្រឿង ដេីម្បីជិះទៅរកកន្លែងប៉ះកង់ម៉ូតូនៅម្តុំរង្វង់មូលតាខ្មៅ ។ភ្លាមនោះស្រាប់តែមានជនសង្ស័យមួយក្រុមជិះម៉ូតូប្រហែលជា ០៦គ្រឿងគ្នាប្រហែល១២នាក់ ប្រដាប់ដោយដាវ កាំបិត ពូថៅ បានជិះមកដល់ហេីយស្រែកថា អាហ្នឹងហេីយៗ រួចចុះពីលេីម៉ូតូដេញកាប់ទៅលេីជនរងគ្រោះ និងម៉ូតូ បណ្តាលឲ្យរងការខូចខាត និងរងរបួសស្នាម យកទៅព្យាបាលនៅមន្ទីរពេទ្យម្លិះដង្កោ រីឯក្រុមជនសង្ស័យបានជិះម៉ូតូ គេចខ្លួនតែម្តង។

លុះព្រឹកឡើងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងនគរបាលក្រុងតាខ្មៅ និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រែកំពឹស ខណ្ឌដង្កោ បានធ្វើ ការចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សុខអូន ណារិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ យកមកសួរនាំនៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ។
ក្រោយពីសួរនាំឈ្មោះ សុខអូន ណារិទ្ធ បានសារភាពថា នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១៦:០០នាទី ក្រុមជនសង្ស័យចំនួន ១១នាក់ កំពុងតែលេងបាល់ទាត់ នៅចំណុច ក្រោយសាលាប៊ែលធីព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ពេលកំពុងតែលេងបាល់ស្រាប់តែក្រុមជនរងគ្រោះ បានជិះម៉ូតូចំនួន ០៨គ្រឿង មានគ្នាជាង១០នាក់ បានដេញកាប់ក្រុមរបស់ខ្លួនបណ្ដាលឲ្យខូចខាតម៉ូតូចំនួន ០២គ្រឿង ។

ក្រោយមកក្រុមរបស់ខ្លួនបានបបួលគ្នាប្រហែល១០នាក់ ជិះម៉តូចំនួន០៧គ្រឿង ដេញតាមពីក្រោយក្រុមជនរងគ្រោះ។ ពេលជិះមកដល់ចំណុចរង្វង់មូលតាខ្មៅ ស្រាប់តែក្រុមខ្លួនបានឃើញជនរងគ្រោះ ជិះធាក់ម៉ូតូ បម្រុងចូលកន្លែងប៉ះកង់ម៉ូតូ ហើយក្រុមខ្លួនក៏បានស្រែកថា ពួកអាហ្នឹងហើយ ក៏ចុះពីលើម៉ូតូ ដេញកាប់ទៅលើជនរងគ្រោះ និងម៉ូតូតែម្តង។ ក្រោយធ្វើសកម្មភាពរួចក្រុមជនសង្ស័យ បាននាំគ្នាជិះគេចខ្លួន ចំណែកជនរងគ្រោះត្រូវបានរថយន្តដឹកទៅសង្គ្រោះនៅមន្ទីរសម្រាកព្យាបាលម្លិះ ស្ថិតនៅខណ្ឌដង្កោ ហើយម៉ូតូរបស់ជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារជនរងគ្រោះ ដើម្បីយកទៅជួសជុលប្រើប្រាស់វិញ៕
