មន្រ្តីអាមេរិកបាននិយាយថា មានបុរសប្រដាប់ដោយអាវុធម្នាក់ បានព្យាយាមសម្រុកចូលក្នុងអគារប៉ូលីស FBI ក្នុងទីក្រុង Chincinnati រដ្ឋ Ohio សហរដ្ឋអាមេរិក កាលពីថ្ងៃ ព្រហស្បតិ៍ សប្ដាហ៍នេះ (ម៉ោងក្នុងស្រុក) ត្រូវបានប៉ូលីសបាញ់សម្លាប់ បន្ទាប់ពីមានការបាញ់តដៃគ្នានៅក្បែរចំការពោតមួយនាភាគឥសាន្ដនៃទីក្រុង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នាថ្ងៃ សុក្រ ទី ១២ ខែ សីហា ឆ្នាំ ២០២២។

ប៉ូលីសមិនទាន់កំណត់អត្តសញ្ញាណបុរសដែលស្លាប់នោះនៅឡើយទេ ហើយក៏មិនបានធ្វើការអត្ថាធិប្បាយអំពីមូលហេតុអ្វីដែរ។

ដោយឡែកកាសែត New York Times និង NBC News បានដកស្រង់ពីប្រភពមិនបញ្ចេញឈ្មោះថា បុរសដែលត្រូវប៉ូលីសបាញ់សម្លាប់នោះឈ្មោះ Ricky Shiffer មានអាយុ ៤២ឆ្នាំ ដែលប្រហែលជាមានទស្សនៈស្ដាំនិយមជ្រុលពេក។ គេសង្ស័យថា បុរសរូបនោះទំនងជាជនសង្ស័យដែលបានចូលរួមតវ៉ានៅឯវិមានកាពីតូលក្នុងទីក្រុង វ៉ាស៊ីនតោន អំឡុងពេលដែលមានការវាយប្រហារក្រុមអ្នកគាំទ្រអតីតប្រធានាធិបតី Donald Trump កាលពីថ្ងៃទី ០៦ ខែ មករាឆ្នាំ ២០១៦។

គួរជម្រាបថា អ្នកគាំទ្ររបស់លោក Trump មួយចំនួនបានទាមទារ និង មិនពេញចិត្ត ជុំវិញការបើកការស៊ើបអង្កេតរបស់ក្រុមប៉ូលីស FBI លើអតីតប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump។ ប៉ូលីស FBI បានឆ្មក់ចូលឆែកឆេលំនៅដ្ឋានរបស់លោក Trump នៅរដ្ឋ Florida ដោយពួកគេព្យាយាមរកឯកសារសំខាន់ពាក់ព័ន្ធនឹងអាវុធនុយក្លេអ៊ែរ ដែលលោក Trump បានយកចេញពីសេតវិមានកាលពីលោកចាកចេញពីតំណែងក្នុងខែ មករា ឆ្នាំ ២០២១៕

