ភ្នំពេញ ៖ ម៉ូតូហុងដាឌ្រីមមួយគ្រឿងដឹកសាច់មាន់ជិះឆ្លងផ្លូវ ត្រូវបានម៉ូតូហុងដាឌ្រីមមួយគ្រឿងទៀតជិះល្បឿនលឿនជ្រុលបុកអូសជិត៥០ម៉ែត្រ របួសធ្ងន់ម្នាក់ ស្រាល២នាក់ កាលពីវេលាម៉ោង២និង៤៥នាទីរសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៣ ចំណុចភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ភាគីម៉ូតូហុងដាឌ្រីម សេរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CC-7600 ដឹកសាច់មាន់ ជិះដោយឈ្មោះ សួន ពេជ្រ ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅ ភូមិឃ្មុត ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានជិះពីត្បូងទៅជើង ដល់ចំណុចកើតហេតុ បត់ឆ្វេងឆ្លងផ្លូវបំណងត្រឡប់ក្រោយ យកសាច់មាន់ដាក់ហាង ស្រាប់តែភាគីម៉ូតូ ម៉ាកហុងដាឌ្រីម សេរី២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IV-3237 ជិះគ្នា២នាក់ បើកដោយឈ្មោះ ថៃ ប៊ុនហេង ភេទប្រុស អាយុ២២ឆ្នាំ បើកល្បឿនលឿនពីជើងទៅត្បូង ជ្រុលបុកអូសជិត៥០ម៉ែត្រ រងរបួសធ្ងន់ម្នាក់ ឈ្មោះ ថៃ ប៊ុនហេង ចំណែក២នាក់ទៀតរងរបួសស្រាល ម៉ូតូរងខូចខាតដំណំ ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅអន្តរាគមន៍ ភាគីសងខាងសម្របសម្រួលគ្នា ដោយឯកភាពគ្នាព្យាបាលរបួស និងជួសជុលម៉ូតូរៀងខ្លួន ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕
អត្ថបទ÷ តាតុង សែនជ័យ
