ភ្នំពេញ ៖ រថយន្តម៉ាកCRVមួយគ្រឿង ហ្វ្រាំងមិនទាន់ជ្រុលបុកពីក្រោយម៉ូតូកង់បី រងខូចខាតផ្នែកខាងក្រោយ ភាគីសងខាងចុះមកប្រកែកឈ្លោះបែកផ្សែង យកត្រូវរៀងខ្លួន រហូតដល់សមត្ថកិច្ចចុះទៅសម្របសម្រួល កាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ នៅតាមផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុភាគីខាងរថយន្តម៉ាកCRV ពណ៌ស្លែ ពាក់ស្លាកលេខ កំពង់ធំ 2A-0795 បើកពីកើតទៅលិច។ លុះដល់ចំណុចកើតហេតុ ហ្វ្រាំងមិនទាន់ជ្រុលបុកពីក្រោយ ភាគីម៉ូតូកង់បី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1JC- 5539 ដែលបើកស្របទិសគ្នា បណ្តាលឲ្យរងខូចខាតផ្នែកខាងក្រោយ ។

ក្រោយពីជួបហេតុការណ៍ ភាគីទាំងសងខាងចុះមកប្រកែកឈ្លោះសម្តីបែកផ្សែង ដណ្តើមយកត្រូវរៀងខ្លួន ផ្អើលអស់អ្នកដំណើរតាមដងផ្លូវ រហូតដល់សមត្ថកិច្ចចុះទៅសម្របសម្រួល ទីបំផុតភាគីខាងរថយន្តចេញសងថ្លៃខូចខាតចំនួន ៤០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕
អត្ថបទ៖តាតុង សែនជ័យ
