
រដ្ឋបាលខេត្តក្រចេះនឹងរៀបចំពិធីប្រណាំងទូកខ្នាតអន្តរជាតិ នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ នៅតាមបណ្ដោយដងទន្លេមេគង្គ ទីរួមខេត្តក្រចេះ ដើម្បីអបអរសាទរព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ នេះបើតាមលិខិតអភិបាលខេត្តក្រចេះផ្ញើជូនអភិបាល ក្រុង ស្រុក ចំណុះរដ្ឋបាលខេត្តក្រចេះ កាលពីចុងសប្ដាហ៍កន្លងទៅ។
ដើម្បីឱ្យពិធីនេះបានប្រព្រឹត្តទៅប្រកបដោយមហោឡារិកនោះ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានណែនាំអស់លោក លោកស្រី អភិបាលក្រុង ស្រុក នៃខេត្តក្រចេះ រៀបចំទូកខ្នាតអន្តរជាតិចូលរួមប្រកួត ដោយធ្វើការកែលម្អឬជួសជុលទូកឱ្យបានសមរម្យ តុបតែងក្បាច់រចនាឱ្យបានប្រណិតតាមរចនាបទខ្មែរ ហើយចំណុះទូកត្រូវមានសម្លៀកបំពាក់សមរម្យតាមប្រពៃណីជាតិ។
ទូកចូលរួមប្រកួតត្រូវហ្វឹកហាត់សាកល្បង និងមានលក្ខណសមស្រប ដោយត្រូវជ្រើសរើសចំណុះមានកាយសម្បទាគ្រប់គ្រាន់ និងចេះហែលទឹកស្ទាត់ជំនាញ។ ទូកដែលអាចចាត់តាំងចូលរួមប្រកួតបាន លុះត្រាតែទទួលការឯកភាពពីអាជ្ញាធរមូលដ្ឋានសាមី តាមរយៈឃុំ សង្កាត់ ក្រុង ស្រុក។ មិនត្រឹមតែប៉ុណ្ណោះ រដ្ឋបាលខេត្តក៏បានតម្រូវឱ្យដាក់ពាក្យចូលរួមប្រកួតផងដែរ។
កម្ពុជាខកខានរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ អកអំបុក នៅឆ្នាំ២០២០ និងឆ្នាំ២០២១ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ប៉ុន្តែរដ្ឋបាលក្រុង ស្រុក មួយចំនួនបានរៀបចំការប្រណាំងទូកលក្ខណៈមូលដ្ឋាន។ ដោយឡែកកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ពីថ្ងៃទី៥ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។
ទូកប្រពៃណីខ្នាតអន្តរជាតិ គឺជាប្រភេទទូកអុំបុរស និងនារី មានចំណុះ២២នាក់។ ទូកនេះ មានចំណុះច្រើនជាប្រភេទទូក ផ្កាចារ។ ក្នុងព្រះរាជពិធីបុណ្យអុំទូក ទូកខ្នាតអន្តរជាតិត្រូវបានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តជាតិ តម្រូវឱ្យចេញប្រណាំងមុនគេ។ ទូកប្រភេទនេះងាយស្រួលរកកម្លាំងអុំ និងអាចចល័តតាមផ្លូវគោកឬផ្លូវទឹកដោយងាយ ដោយសារទូកនេះខ្លី និងស្រាលជាងទូក ង៕
