សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខសិស្សនាយនគរបាល និងសិស្សនាយនគរបាលរង វគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៥ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែសីហា ឆ្នាំ២០២២នេះ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ភ្លាមៗអំពីការយកចិត្តទុកដាក់ចំពោះតម្រូវការអាទិភាពរបស់សាលានគរបាលជាតិភូមិភាគ៤ដែលរាយការណ៍ដោយនាយកសាលា។ សម្ដេចបានប្រកាសសម្រេចផ្ដល់អគារសិក្សាចំណុះសិស្ស៣០០នាក់ ដោយបានណែនាំឱ្យមន្រ្តីពាក់ព័ន្ធរៀបចំសិក្សាប្លង់អគារសិក្សានេះដើម្បីឈានទៅចាប់ផ្ដើមការសាងសង់ឱ្យបានឆាប់រហ័ស។

ចំពោះការខ្វះខាតកន្លែងបាញ់ស៊ីបគ្រាប់ពិតវិញ សម្ដេចក្រឡាហោម ស ខេង បានណែនាំឱ្យមន្រ្តីជំនាញបន្តរៀបចំប្លង់គម្រោងដើម្បីសម្ដេចពិនិត្យសម្រេចឈានទៅសាងសង់ជូន ខណៈតម្រូវការរថយន្តប្រើប្រាស់ សម្ដេចក៏បានសម្រេចផ្ដល់ជូនមួយគ្រឿងសិន។ ដោយឡែកអគារស្នាក់នៅគ្រូនិងមន្រ្តី សម្ដេចក្រឡាហោម ក៏បានទទួលយកសំណើពីសាលា និងណែនាំឱ្យសិក្សាប្លង់រួមដើម្បីសាងសង់ជាមួយគ្នានឹងអគារសិក្សាតែម្ដង។

សម្ដេចក្រឡាហោម ស ខេង បានសម្ដែងក្ដីសង្ឃឹមថាសិស្សនគរបាលជាតិទាំងអស់ដែលកំពុងសិក្សានៅទីនេះ នឹងសម្រេចបានបេសកម្មដ៏ឧត្តុង្គឧត្តមនេះ ដោយចាត់ទុកការសិក្សារៀនសូត្រនេះថាជាបេសកកម្មបម្រើជាតិ បម្រើប្រជាពលរដ្ឋ។ សម្ដេចក៏បានថ្លែងលើកទឹកចិត្តថ្នាក់ដឹកនាំ គ្រូ និងបុគ្គលិកសាលានគរបាលជាតិភូមិភាគ៤បន្តការខិតខំបណ្ដុះបណ្ដាលធនធានកងកម្លាំងនគរបាលជាតិប្រកបដោយគុណភាពបន្ថែមទៀត។

លោកឧត្តមសេនីយ៍ទោ សាយ រិទ្ធីសក្ដិ នាយកសាលានគរបាលជាតិភូមិភាគ៤ បានឱ្យដឹងថាបច្ចុប្បន្នសាលានគរបាលជាតិភូមិភាគ៤ មានអគាររដ្ឋបាលកម្ពស់១ជាន់ចំនួន១ខ្នង អគារសិក្សាកម្ពស់១ជាន់ចំនួន១ខ្នង អគារស្នាក់នៅកម្ពស់១ជាន់ចំនួន៣ខ្នង អគារអាហារដ្ឋានកម្ពស់១ជាន់ចំនួន១ខ្នង និងរបងព័ទ្ធជុំវិញហើយ។

លោកបន្តថាសម្ដេចក្រឡាហោម ស ខេង បានផ្ដួចផ្ដើមគំនិតឱ្យមានការចូលរួមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបន្ថែមពីឯកឧត្តមអភិបាលខេត្ត និងសប្បុរសជន ហើយជាលទ្ធផលអភិបាលខេត្តសៀមរាបបានជួយស្ថាបនាផ្លូវបេតុងប្រវែង១៩០០ម៉ែត្រ និងប្រព័ន្ធលូបង្ហូរទឹកប្រវែង៥០០ម៉ែត្រ ខណៈឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថានបានជួយសាងសង់ឡដុតសំរាមខ្នាតមធ្យម។ លោកក៏បានរាយការណ៍សំណើមួយចំនួនគោរពជូនសម្ដេចអធិបតីផងដែរ។

សូមបញ្ជាក់ថាថាសាលានគរបាលជាតិភូមិភាគ៤ បានបណ្ដុះបណ្ដាលមន្រ្តីនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាល និងសិស្សនគរបាលក្របខ័ណ្ឌថ្មីមកពីខេត្តចំនួន៤ រួមមានសៀមរាប ឧត្តរមានជ័យ កំពង់ធំ និងព្រះវិហារ ដោយរហូតដល់ពេលនេះបានបណ្ដុះបណ្ដាលកងកម្លាំងសរុបចំនួន២៥៦៨នាក់ នារី២៩៦នាក់ ហើយនៅឆ្នាំ២០២២ សាលាបានបញ្ចប់វគ្គបណ្ដុះបណ្ដាល នគរបាលលើកទី១ និងកំពុងបណ្ដុះបណ្ដាលលើកទី២ ចំនួន១៣៤នាក់៕

Share.