នៅឆ្នាំទី ៤ នៃកម្មវិធីប្រឡងចម្រៀង Cambodian Idol នេះ គេអាចនិយាយបានថា ជាទំព័រថ្មី​​​​​​​​​​ក្នុងប្រវត្តិសាស្ត្រប្រឡងចម្រៀងប្រចាំប្រទេសកម្ពុជា នោះក៏ដោយសារតែ ឆ្នាំនេះបេក្ខជននីមួយៗសុទ្ធតែជើងខ្លាំង ហើយអ្នកគាំទ្រទៀតសោតមកចាំលើកទឹកចិត្តអាយដលរបស់ខ្លួនយ៉ាងកុះករ ដោយសំឡេងស្រែកហ៊ោកញ្ច្រោកកញ្ច្រៀវលាន់រំពងពេញស្ទូឌីយូ រហូតធ្វើឱ្យគណៈកម្មការទាំង ៤ រូបទប់ទឹកភ្នែកមិនជាប់។

កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកមួយនេះ បានឈានមកដល់វគ្គ Live Show សប្ដាហ៍ទី ៥ ហើយនៅក្នុងនោះ ជាលិទ្ធផលបានបង្ហាញឱ្យឃើញថា មានបេក្ខជន ៣ រូបបានរបូតចេញពីកម្មវិធី នោះរួមមានបេក្ខជន ផាន គីមសុង លី ប៊ីលី និង​ ឡាច ណុច ។ សប្ដាហ៍បន្តទៀតនេះ គឺជាវគ្គ Semi Final ឬពាក់កណ្ដាលផ្ដាច់ព្រ័ត្រ មានបេក្ខជន Top 6 ដែលអាចបន្តដំណើរបាន ជាពិសេសបេក្ខនារី មាស នីតា គឺជាបេក្ខនារីតែម្នាក់គត់ដែលអាចបោះហ៊ានយ៉ាងជោគជ័យក្នុងការចូលទៅដណ្ដើមពាន។

ពីមួយវគ្គទៅមួយវគ្គ មួយសប្ដាហ៍ទៅមួយសប្ដាហ៍ បេក្ខនារី មាស នីតា ឬ ពៅ ស្រីមាស ត្រូវបានគេកត់សម្គាល់ឃើញថា ជាគ្រាប់ពេជ្រដែលចែងចាំង និងដុសខាត់សមត្ថភាពច្រៀងជាលំដាប់ រហូតធ្វើឱ្យកញ្ញាទទួលបានសារគាំទ្រពីមហាជនដែលជាគណៈកម្មការទី ៥ មិនចាញ់បេក្ខជនខ្លាំងដទៃទៀត។ កញ្ញាជាបេក្ខនារីមួយរូបដែលអាចផ្ដួលបេក្ខនារីដទៃ ២នាក់ទៀតនៅក្នុងវគ្គ Live Show។ នេះសបញ្ជាក់ថា មិនមែនជារឿងចៃដន្យនោះទេ ដែលកញ្ញាអាចសាងប្រជាប្រិយភាពក្នុងចិត្តអ្នកគាំទ្របានយ៉ាងពេញទំហឹង។

កន្លងមក​ បេក្ខនារី មាស នីតា ធ្លាប់រងសម្ដីបញ្ជើតបញ្ជើនៅលើបណ្ដាញសង្គមហ្វេសប៊ុកថាជាអ្នកចម្រៀងដែលគ្មានការទទួលស្គាល់ តែក្រោយចូលប្រឡងចម្រៀងនៅក្នុងកម្មវិធី Cambodian Idol នេះ ទើបធ្វើឱ្យអ្នករិះគន់បានភ្លឺភ្នែកថា កញ្ញាជាស្ត្រីមួយរូបដែលរឹងមាំ ហើយឆ្លងកាត់ការលំបាកគ្រប់សព្វបែបយ៉ាង ដើម្បីបានឈរជើងក្នុងការចូលដណ្ដើមពានជាបេក្ខជនទាំង ៥រូបទៀត។ បើក្រឡែកទៅឆ្នាំមុនៗនៃ Cambodian Idol នេះ កញ្ញា មាស នីតា ត្រូវបានគេលើកឡើងថា មានសមត្ថភាពលេចធ្លោដូចបេក្ខនារី សុវត្ថិឌី ធារីកា និងកញ្ញា ឈិន ម៉ានិច្ច ជាដើម ដែលសុទ្ធសឹងតែជាបេក្ខនារីជើងខ្លាំងសម្រាប់កម្មវិធី។

គួរចាប់អារម្មណ៍បន្ថែមថា ក្រៅពីមានទឹកដមសំឡេងផ្អែមពីរោះហើយនោះ កញ្ញា មាស នីតា ក៏ពូកែក្នុងការតុបតែងខ្លួន និងរៀបចំខ្លួនដូចជាតារាចម្រៀងអាជីពមួយរូប ដូច្នោះហើយ ទើបកាន់តែធ្វើឱ្យកញ្ញាឆក់បានបេះដូងរបស់អ្នកគាំទ្រ។ ដោយឡែកនៅសប្ដាហ៍ គ្រប់គ្នានៅតែចាំអ៊ុតមើលថា តើ មាស នីតា អាចបន្តដល់វគ្គ Final ដែរឬទេ? កុំភ្លេចបោះឆ្នោតគាំទ្របេក្ខនារីកូនពៅមួយនេះផង៕

Share.