
តួនាទីរបស់កម្ពុជាក្នុងការជំរុញសិទ្ធិមនុស្សក្នុងនាមជាប្រធានអាស៊ាន, ស្ថានភាពសេដ្ឋកិច្ចនិងវឌ្ឍនភាពសិទ្ធិមនុស្សនៅកម្ពុជាក្នុងបរិការណ៍ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩, លំហរស៊ីវិល លំហរប្រជាធិបតេយ្យ និងការបោះឆ្នោត និងអាទិភាពសម្រាប់ជំនួយបច្ចេកទេស និងកិច្ចសហប្រតិបត្តិការទៅអនាគត រវាងអ្នកកាន់អាណត្តិពិសេស និងរាជរដ្ឋាភិបាលកម្ពុជា គឺជាប្រធានបទសំខាន់ៗទាំង៤ ដែលលោក វិទិត មុនតាប៊ន អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា ស្នើសុំការចែករំលែកទស្សនាទានពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ក្នុងជំនួបដែលបានធ្វើឡើងនៅវិមានសន្តិភាពនៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះ លោក វិទិត មុនតាប៊ន បានសម្ដែងនូវការគោរពដ៏ស្មោះជូនចំពោះសម្ដេចតេជោ នូវភាពជោគជ័យលើការចាក់ស្រោចវ៉ាក់សាំងការពារជំងឺកូវីដ១៩នៅកម្ពុជា ជាមួយគ្នានឹងសំណើរសុំស្វែងយល់អំពីប្រធានបទទាំង៤ខាងពីសម្ដេចតេជោ។
សម្ដេចបានមានប្រសាស៍ថាកម្ពុជាកំពុងជំរុញអនុវត្តគោលនយោបាយគាំពារសង្គម ជាពិសេស ការជួយគាំពារជនក្រីក្រ និងជនរងគ្រោះដោយជំងឺកូវីដ-១៩, ការដំឡើងបៀវត្សរបស់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ, ការកែសម្រួលប្រាក់សោធននិវត្ត មន្ត្រីរាជការ និងអតីតយុទ្ធជន, ការអនុវត្តន៍ប្រាក់សោធននិវត្តន៍សម្រាប់កម្មករនិយោជិតដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ និងការដំឡើងប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត។
សម្ដេចបន្តថារាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវវិធានការបន្ទាន់ ម៉ត់ចត់ ស៊ីជម្រៅ និងមានប្រសិទ្ធភាព ដើម្បីគាំទ្រវិស័យសេដ្ឋកិច្ច និងគាំពារសង្គមមានដូចជា ការបញ្ចេញកញ្ចប់ថវិកា និងដាក់ចេញនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនពលរដ្ឋក្រីក្រ និងងាយរងគ្រោះដែលទទួលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ដែលនេះ គឺជាការធានាដល់ផ្នែកសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ហើយថាសិទ្ធិរស់រានមានជីវិត ត្រូវបានផ្ដល់ជាអាទិភាព។

សម្ដេចបន្ថែមថាការចោទប្រកាន់ថា បទប្បញ្ញតិ្តជាច្រើនត្រូវបានអនុម័ត ដើម្បីរឹតបន្តឹងលំហសង្គមស៊ីវិល គឺពុំផ្អែកលើមូលដ្ឋានត្រឹមត្រូវការពិត ផ្ទុយទៅវិញរាល់ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តទាំងអស់ ដែលបានអនុម័ត រួមទាំងក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ គឺប្រកាន់ខ្ជាប់នូវគោលការណ៍នេះ និត្យានុកូលភាព ភាពចាំបាច់ និងសមាមាត្រដោយមានគោលបំណងតែមួយគត់ គឺដើម្បីសង្គ្រោះអាយុជីវិត ការពារពលរដ្ឋដែលគោរពច្បាប់ និងទប់ស្កាត់អំពើល្មើសច្បាប់នានា ដែលបង្កអំពើអស្ថេរភាពសង្គម ប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ និងសណ្ដាប់ធ្នាប់សាធារណៈ។
សម្ដេចបន្តថាការអនុវត្តលទ្ធិប្រជាធិបតេយ្យដោយគ្មាននីតិរដ្ឋនិងនាំទៅជាអាណាធិបតេយ្យ ហើយថាក្នុងស្មារតីនេះ កម្ពុជា ចង់ឲ្យតួអង្គទាំងអស់នៅក្នុងកិច្ចដំណើរការប្រជាធិបតេយ្យ មានការទទួលខុសត្រូវ ធ្វើការរិះគន់ដោយស្ថាបនា មិនអ៊ុជអាល មិនបង្កើតការស្អប់ខ្ពើមរវាងពូជសាសន៍ ជាពិសេស មិនសាបព្រួសការស្អប់រវាងប្រជាជាតិខ្មែរនិងខ្មែរ ដែលអាចនាំនូវសង្រ្គាមស៊ីវិល, ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ និងការរក្សាសន្តិភាព ស្ថេរភាព មានការអាស្រ័យគ្នាទៅវិញទៅមកមិនអាចខ្វះណាមួយបាន។
សម្ដេចក៏បានគូសបញ្ជាក់ដែរថាប្រទេសកម្ពុជា បានរៀបចំការបោះឆ្នោតទៀងទាត់ ចាប់តាំងពីឆ្នាំ១៩៩៣ ហើយមកដល់ពេលនេះ កម្ពុជា បានរៀបចំការបោះឆ្នោតសកលចំនួន៦ដង និងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ៥ដង ដែលត្រូវបានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ វាយតម្លៃថា បានប្រព្រឹត្តទៅដោយតម្លាភាព សេរី ត្រឹមត្រូវ និងយុត្តិធម៌។
សម្ដេចបានសង្កត់ធ្ងន់ថាកម្ពុជា មានមោទនភាពចំពោះជោគជ័យនៃដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ ដោយបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ក្នុងបរិយាកាសអព្យាក្រឹត សន្តិសុខ របៀបរៀបរយ គ្មានអំពើហិង្សា៕

