ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ដែលយកអាវុធខ្លីបាញ់បោះសេរី ក្រោយពីនគរបាលបាលខណ្ឌកំបូលឃាត់ខ្លួននាំខ្លួនសាកសួរ និងកសាងសំណុំរឿងរួចរាល់ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះ ត្រូវបានបញ្ជូនទៅកាន់តុលាការដើម្បីឲ្យលោកព្រះរាជអាជ្ញាចោទសួរនិងដាក់បន្ទុកជាផ្លូវការ ។

តាមនគរបាលបានឲ្យដឹងថា ជនត្រូវបានចាប់ខ្លួនទាំង២នាក់ក្នុងសំណុំរឿងខាងលើ ៖ទី១ ឈ្មោះ លៀន ចាន់ធារិទ្ធ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅសង្កាត់ជើងឯក ខណ្ឌដង្កោ មានស្រុកកំណើត នៅភូមិដើមស្តៅ ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម ( បាញ់អស់៣គ្រាប់ )។ ទី២ ឈ្មោះ ប៉ូ សុីផា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ កម្មករ មានស្រុកកំណើតនៅសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ( បាញ់អស់២គ្រាប់ )។

ប្រភពដដែលបន្តទៀតថា កាលពីព្រលប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ ជនសង្ស័យទាំង២នាក់ រួមជាមួយមិត្តរួមការការងារសរុបគ្នា៦នាក់ ក្នុងនោះមានម្នាក់ជាមេការ នាំគ្នាផឹកសុី នៅក្នុងការដ្ឋានសួនឈើ ដែលខ្លួនធ្វើការ នៅក្នុងភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ អស់ស្រាបៀ៣កេស ស្រវឹងរៀងខ្លួន។ ដល់វេលាម៉ោង៨យប់ថ្ងៃដដែល មានកម្មករ២នាក់បងប្អូនឈ្លោះខ្វែងគំនិតគ្នា តម្លើងសម្តីដាក់គ្នា ឃើញដូច្នោះ មេការចូលឃាត់កុំឲ្យឈ្មោះគ្នា ជាចៃដន្យវៀសត្រូវមួយដៃក៏ដួលមេការ លុះងើបមកវិញខឹង ឃាត់មិនស្តាប់ រត់ទៅរោងបំណងយកកាំភ្លើង តែត្រូវបានជនសង្ស័យ២នាក់ រួមក្នុងវង់ផឹកសុីដែរនោះ រត់ទៅតាមដណ្តើមបានអាវុធខ្លីម្នាក់មួយដើម មកបាញ់ឡើងលើ គម្រាមឲ្យ២នាក់បងប្អូនឈប់ឈ្លោះគ្នា បែរជាផ្អើលដល់ពលរដ្ឋ សមត្ថកិច្ចចុះទៅ។ពេលនោះ មេការជាម្ចាស់កាំភ្លើង ដឹងខ្លួន រត់គេចបាត់ សមត្ថកិច្ចឃាត់ខ្លួនបានតែអ្នកបាញ់២នាក់ និងដកហូតបានអាវុធខ្លី២ដើម ។

បន្ទាប់ពីចាប់ខ្លួនបាន សមត្ថកិច្ចនាំជនសង្ស័យទៅសាកសួរនៅផ្នែកជំនាញខណ្ឌ ដើម្បីកសាងសំណុំរឿងហើយនៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះ នគរបាលខណ្ឌកំបូលបញ្ជូនខ្លួនជនសង្ស័យ រួមជាមួយវត្ថុតាងទៅតុលាការ ដើម្បីឲ្យលោកព្រះរាជអាជ្ញាចោទសួរបន្តតាមនីតិវិធី ។

ដោយឡែកមេការម្នាក់ ជាម្ចាស់អាវុធ នគរបាលកំពុងបន្តការស្រាវជ្រាវ ខណៈដែលបុរសរូបនោះកំពុងរត់គេចខ្លួន នៅឡើយ៕

អត្ថបទ៖តាតុង សែនជ័យ

Share.