អង្គការសុខភាពពិភពលោក បានអញ្ជើញសាធារណជនឲ្យជួយស្វែងរកឈ្មោះថ្មីដាក់ឲ្យជំងឺអុតស្វា ខណៈមានការព្រួយបារម្ភចំពោះមេរោគដែលកំពុងរីករាលដាលយ៉ាងឆាប់រហ័សមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Aljazeera នាថ្ងៃ ពុធ ទី ១៧ ខែ សីហា ឆ្នាំ ២០២២។

អ្នកជំនាញបានព្រមានថា ឈ្មោះនេះអាចជាការមាក់ងាយ រើសអើងចំពោះសត្វស្វា ដែលត្រូវបានគេយកឈ្មោះរបស់ខ្លួន «ស្វា» ដាក់ឲ្យជំងឺឆ្លងរាលដាលយ៉ាងឆាប់រហ័សនេះ។

ជាក់ស្ដែងថ្មីៗនេះ នៅប្រទេសប្រេស៊ីល មានករណីមនុស្សវាយប្រហារសត្វស្វា ដោយសារតែមានការភ័យខ្លាចចំពោះជំងឺនេះ។

អ្នកនាំពាក្យរបស់អង្គការសុខភាពពិភពលោកស្រី ហ្វាដេឡា ឆាអ៉ីប (Fadela Chaib) បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង ហ្សឺណែវកាលពីថ្ងៃ អង្គារ ទី ១៦ ខែ សីហា ថា «ជំងឺអុតស្វាក្នុងខ្លួនមនុស្ស ត្រូវបានដាក់ឈ្មោះកាលពីមុន។ យើងពិតជាចង់ស្វែងរកឈ្មោះថ្មី ដែលមិនគួរមានការស្អប់ខ្ពើមចំពោះសត្វ។ លោកស្រីបន្ថែមថា ការពិគ្រោះយោបល់ឥឡូវនេះត្រូវបានបើក សម្រាប់មនុស្សគ្រប់រូប តាមរយៈគេហទំព័រមួយរបស់យើង»។

លោកស្រី ឆាអ៉ីប (Chaib) បាននិយាយថា «វាមានសារៈសំខាន់ខ្លាំងណាស់ ដែលយើងត្រូវចាំបាច់ស្វែករកឈ្មោះថ្មីសម្រាប់ជំងឺអុតស្វា ពីព្រោះនេះជាការអនុវត្តល្អបំផុត ដោយមិនបង្កើតឲ្យមានការប្រមាថដល់ក្រុមជនជាតិភាគតិច តំបន់ណាមួយ ប្រទេសណាមួយ ឬ សត្វណាមួយឡើយ»។

Monkeypox បានទទួលឈ្មោះថា អុតស្វា ដោយសារតែមេរោគនេះត្រូវបានកំណត់អត្តសញ្ញាណដំបូងនៅក្នុងសត្វស្វា ដែលត្រូវបានរក្សាទុកសម្រាប់ការស្រាវជ្រាវនៅក្នុងប្រទេសដាណឺម៉ាកក្នុងឆ្នាំ ១៩៥៨ ប៉ុន្ដែជំងឺនេះត្រូវបានរកឃើញនៅក្នុងសត្វមួយចំនួន ហើយជាញឹកញាប់ត្រូវបានរកឃើញនៅក្នុងសត្វកណ្ដុរ។

ជំងឺនេះត្រូវបានគេរកឃើញជាលើកដំបូងលើមនុស្សក្នុងឆ្នាំ១៩៧០ នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដោយមានការរីករាលក្នុងចំណោមមនុស្សមួយចំនួននៅអាហ្រ្វិកខាងលិច និង អាហ្រ្វិកកណ្ដាល។

ប៉ុន្ដែនៅក្នុងខែ ឧសភា ករណីនៃជំងឺនេះ បានចាប់ផ្តើមរីករាលដាលយ៉ាងឆាប់រហ័សនៅជុំវិញពិភពលោក ភាគច្រើនក្នុងចំណោមបុរសដែលរួមភេទជាមួយបុរសដូចគ្នា។ 

សូមជម្រាបថា នៅទូទាំងពិភពលោក មានករណីអុតស្វាជាង ៣១,០០០ហើយ ត្រូវបានបញ្ជាក់ចាប់តាំងពីដើមឆ្នាំមក ហើយមនុស្ស១២នាក់បានស្លាប់ នេះបើយោងតាមអង្គការសុខភាពពិភពលោក ដែលបានកំណត់ពីការផ្ទុះឡើងជាគ្រាអាសន្នសុខភាពសកល៕

ប្រភព៖ Aljazeera

Share.