
«ប្រជាពលដ្ឋយើង ខ្ញុំដើរច្រើនកន្លែងហើយ ហើយទទួលសំណូមពរ សំណើក៏ច្រើនដែរ។ គាត់អត់ដែលសុំលុយទិញឡាន ទិញម៉ូតូ ទិញរទេះគោ រទេះក្របី ដើម្បីបម្រើក្រុមគ្រួសារផ្ទាល់របស់គាត់ទេ។ គាត់មានតែសុំសាលារៀន សុំវត្ត សុំផ្លូវ សុំអ្វីៗដែលបម្រើផលប្រយោជន៍សាធារណៈ»។ សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះនាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសីលាសាងសង់អគារសិក្សា១ខ្នង ៤ជាន់ ២០បន្ទប់ នៅអនុវិទ្យាល័យ សោ ហឺ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ។
បើតាមសម្ដេចក្រឡាហោម សំណើនានារបស់ប្រជាពលរដ្ឋមកកាន់រាជរដ្ឋាភិបាល និងក្រុមការងារគណបក្ស ដូចបានលើកឡើងខាងលើនេះ គឺជាការឆ្លុះបញ្ចាំងច្បាស់ថាប្រជាពលរដ្ឋចង់ឱ្យសហគមន៍ពួកគាត់មានការរីកចម្រើន។ សម្ដេចក្រឡាហោម ស ខេង បានបន្តសង្កត់ធ្ងន់ពីគោលនយោបាយ និងមាគ៌ានយោបាយដឹកនាំប្រទេសេរបស់រាជរដ្ឋាភិបាល និងគណបក្សកាន់អំណាច ថាមានលក្ខណៈពិសេស គឺពិសេសត្រង់ថាមិនបានប្រាសចាកពីសេចក្ដីត្រូវការរបស់សង្គម និងប្រជាពលរដ្ឋ ពិសេសបានផ្សារភ្ជាប់ទៅនឹងជីវភាព ព្រមទាំងសុខទុក្ខរបស់ប្រជាជន។

សូមបញ្ជាក់ថានៅព្រឹកមិញនេះ សម្ដេក្រឡាហោម ស ខេង បានអញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារសិក្សាអនុវិទ្យាល័យសោ ហឺ។ សម្ដេចបានអះអាងថាការសង់នេះគឺជាការបញ្ជាក់អំពីការឆ្លើយតបសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ ពិសេសលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សដែលបានស្នើមកសម្ដេចផ្ទាល់ និងក៏ដូចគ្នានឹងការដែលអះអាងថាការដឹកនាំប្រទេសជាតិត្រូវគិតគូជាពិសេសចំពោះសុខទុក្ខ និងសេចក្ដីត្រូវការរបស់ប្រជាជន និងសង្គមជាតិ។
តាមគម្រោង អគារសិក្សានេះ ត្រូវដំណើរការសាងសង់រយៈពេល១២ខែ គិតចាប់ពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ដោយមានបំពាក់តុ កៅអី ភ្លើងអគ្គិសនី និងទឹកស្អាត ប្រើប្រាស់បច្ចេកទេសសាងសង់ដំបូងគេក្នុងខេត្តបាត់ដំបង គឺប្លង់សេខ្សែកាប ធ្វើឱ្យកាន់តែរឹងមាំ ធន់ និងចំណេញពេលវេលា និងអាចចាត់ទុកបានថាជាអគារសិក្សាបំដូងគេនៅកម្ពុជាដែលប្រើបច្ចេកទេសនេះ៕

