ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-Yeol បាននិយាយនាថ្ងៃ ពុធ សប្ដាហ៍នេះថា ការពិភាក្សាជាមួយកូរ៉េខាងជើង មិនគួរធ្វើឡើងដើម្បីតែក្នុងន័យនយោបាយនោះទេ ប៉ុន្ដែវាគួរតែជាការចូលរួមចំណែកដល់ការបង្កើត ឬ ស្វែងរកសន្តិភាព។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ពុធ ទី ១៧ ខែ សីហា ឆ្នាំ ២០២២។

ការលើកឡើងខាងលើនេះរបស់លោក Yoon ធ្វើឡើងក្នុងសុន្ទរកថានៅឯសន្និសីទ្ធសារព័ត៌មាននាថ្ងៃដែលលោកឡើងកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូងបាន ១០០ថ្ងៃដំបូង អមជាមួយការអំពាវនាវជាថ្មីម្ដងទៀត ដោយឲ្យកូរ៉េខាងជើងបញ្ចប់ការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែររបស់ខ្លួន និង ចាប់ផ្ដើមការរំសាយអាវុធនុយក្លេអ៊ែរ ជាថ្នូរនឹងជំនួយសេដ្ឋកិច្ចជាដំណាក់កាលៗ។
ការអត្ថាធិប្បាយនេះគឺជា ការរិះគន់ជាក់ស្ដែងនៃកិច្ចប្រជុំកំពូលជាបន្ដបន្ទាប់ដែលពាក់ព័ន្ធនឹងអ្នកស្នងតំណែងមុនរបស់លោក Moon Jae-In មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un។ ប៉ុន្ដែទោះជាយ៉ាងណា លោក Yoon បានប្ដេជ្ញាចិត្តចំពោះសន្ធិសញ្ញាស្ដីពីការមិនរីកសាយភាយនៃអាវុធនុយក្លេអ៊ែរ (NPT) និង ជំរុញឲ្យកូរ៉េខាងជើងបោះបង់ចោលនូវការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ។

លោក Yoon បាននិយាយថា កូរ៉េខាងត្បូងមិនមែនជាអ្នកធានាសន្ដិសុខឲ្យកូរ៉េខាងជើងនោះទេ ក្នុងករណីទីក្រុងព្យុងយ៉ាងបោះបង់ចោលអាវុធនុយក្លេអ៊ែរ ប៉ុន្ដែទីក្រុងសេអ៊ូលមិនចង់ឲ្យមានការផ្លាស់ប្ដូររបបដោយបង្ខំនៅក្នុងកូរ៉េខាងជើងនោះឡើយ។
ដោយឡែកការសាកល្បងមីស៊ីលនាពេលថ្មីៗនេះ និង ការអភិវឌ្ឍន៍សមត្ថភាពនុយក្លេអ៊ែររបស់កូរ៉េខាងជើង បានធ្វើឲ្យមានការជជែកវែកញែកឡើងវិញអំពីថា តើកូរ៉េខាងត្បូងគួរតែបន្ដបង្កើន ឬ ក៏ផលិតអាវុធនុយក្លេអ៊ែរដោយខ្លួនឯងឬអត់?
សូមជម្រាបថា ការរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង គឺជាគោលនយោបាយការបរទេសដ៏សំខាន់មួយរបស់ប្រធានាធិបតីកូរ៉េខាងត្បូង ស្ទើរតែគ្រប់ជំនាន់ ប៉ុន្តែអ្នកជំនាញជាច្រើនយល់ថាកូរ៉េខាងជើងនឹងមិនបោះបង់ចោលអាវុធនុយក្លេអ៊ែរជាដាច់ខាត ព្រោះថាអាវុធនេះគឺជាអាយុជីវិតនៃរបបដឹកនាំគ្រួសារត្រកូលគីម នៅកូរ៉េខាងជើង៕

