សារព័ត៌មានត្រយងបានទទួលដំណឹងមកនាពេលថ្មីៗនេះថា ឌីជេ ឡាយអិន ដែលជាអតីតពិធីកររបស់ស្ថានីយទូរទស្សន៍ CTN ក្រោយពេលមានសេរីភាពឡើងវិញ លោកក៏ទទួលបានឱកាសការងារជាទីផ្សារលក់នៅក្នុងបុរីដោនថោន ដោយមានការជួយជ្រោងជ្រែម និងផ្ដល់ឱកាសឱ្យពីសំណាក់លោក ឌួង ឆាយ ដែលជាម្ចាស់ក្រុមហ៊ុនផ្ទាល់។

ហែម បូរិទ្ធ ឬ ឌីជេ ឡាយអិន បានឱ្យដឹងថា លោកពិតជារំភើបនិងរកពាក្យអ្វីនិយាយមិនបានឡើយក្រោយពីទទួលបានឱកាសការងារដោយផ្ទាល់ពីលោក ឌួង ឆាយ ដែលលោកបានទាក់ទងមករូបលោកផ្ទាល់។ លោកសារភាពថា លោកពិតជាបានកែប្រែខ្លួនសារជាថ្មី និងធ្វើជាបុគ្គលល្អនៅក្នុងសង្គម ហើយលោកផ្ដាំដល់បងប្អូនមហាជនទាំងឱ្យចៀសឆ្ងាយពីគ្រឿងញៀនផងដែរ។ ឌីជេ ឡាយ អិន បានលើកឡើងទៀតថា លោកត្រូវបានចាកចេញពីពន្ធនាគារមុនពេលកំណត់ ដោយសារអំឡុងពេលជាប់លោកបានខិតខំជួយការងារមន្ត្រីពន្ធនាគារ លោកពិតជាមានអារម្មណ៍សោកស្តាយយ៉ាងខ្លាំង ក្នុងពេលដែលលោកគិតខុសមួយពេល ទើបធ្លាក់ខ្លួនចូលទៅបញ្ហាគ្រឿងញៀនបែបនេះ ។

យ៉ាងណាមិញ លោក ឌួង ឆាយ និយាយថា ដោយឃើញ DJ ឡាយអិន ជាអ្នកសិល្បៈមួយរូប ដែលជ្រុលខ្លួនខុសមួយពេល ហើយពេលនេះគាត់ចេញមកហើយ គាត់កែប្រែហើយ យើងគួរផ្តល់ឱកាសអោយគាត់កែប្រែ កុំស្អប់ខ្ពើម ជាន់ពន្លិចគាត់ទៀតអី មនុស្សម្នាក់កើតមកគ្មានអ្នកណាមិនចេះខុសឡើយ តែបើខុសត្រូវចេះកែ ។ ព្រោះថា កន្លងមកប្រមុខថ្នាក់ដឹកនាំ ក៏ផ្តល់ឱកាសអោយលោក ឌួង ឆាយ ផងដែរដូច្នេះហើយលោក ឌួង ឆាយ ក៏ត្រូវផ្តល់ឱកាសអោយបន្តចំពោះ DJ ឡាយអិន ទៀតដែរ ។

លោក ឌួង ឆាយ បានបន្តថា ថ្ងៃនេះគឺខ្ញុំផ្តល់ឱកាសអោយ DJ ឡាយអិន បានធ្វើការងារជាមួយក្នុងក្រុមហ៊ុនបុរី Downtown របស់លោក ដែលទើបចាប់ផ្តើមលក់នៅថ្ងៃនេះ ដោយផ្តល់ប្រាក់ខែផង និងផ្តល់ប្រាក់ភាគរយផង ដល់ការលក់របស់ DJ ឡាយអិន ផងដែរ ធ្វើយ៉ាងណាឱ្យគាត់មានការងារ និងបានប្រាក់ទុកចិញ្ចឹមជីវិត ។ នេះបើតាមការបង្ហោះពីលោក អ៊ឹម ជីវ៉ា បង្ហោះនៅថ្ងៃទី ១៧ សីហា ។

ក្រោយទទួលបានដំណឹងនេះ គឺឃើញមហាជនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើននាក់ បានបង្ហាញអារម្មណ៍រំភើប និងអបរចំពោះ ឌីជេ ឡាយអិន ដែលវិលមកសាងខ្លួនជាមនុស្សថ្មី ហើយកោតសរសើរចំពោះសណ្ដានចិត្តរបស់លោក ឌួង ឆាយ ដែលមើលឃើញនិងជួយទុក្ខធុរៈអ្នកដទៃនៅពេលគ្រាកម្សត់កម្របែបនេះ៕



