ភ្នំពេញ ៖ យុវជនម្នាក់រងរបួសធ្ងន់ធ្ងរ បន្ទាប់ពីជិះម៉ូតូហុងដាឌ្រីម បោះពួយល្បឿនលឿន និងជាន់ទម្លាក់ជន្ទល់ឲ្យកោសនឹងថ្នល់បែកផ្កាភ្លើងបណ្តើរ បែជាជ្រុលទៅបុករះម៉ូតូកង់បី ម៉ូតូហុងដាឌ្រីម ស្របទិស របួសធ្ងន់ខ្លួនឯង កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៣ ចំណុចភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

តាមពលរដ្ឋឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុ គេឃើញយុវជនម្នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរី ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FT-0796 បើកល្បឿនលឿនតាមបណ្តោយផ្លូវជាតិលេខ៣ ពីត្បូងទៅជើង ហើយជាន់ទម្លាក់ជន្ទល់ឲ្យកោសនឹងថ្នល់បែកផ្កាភ្លើង ធ្វើជាល្បែងកម្សាន្ត ជាលទ្ធផលបែជ្រុលទៅបុកពីក្រោយម៉ូតូកង់បី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1JK-4627 រួចបន្តទៅបុកពីក្រោយម៉ូតូហុងដាឌ្រីម ស៊េរី ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DO-0574 បណ្តាលឲ្យដួលគរលើគ្នា រងរបួសធ្ងន់ខ្លួនឯង ម៉ូតូ ២គ្រឿងរងខូចខាត ម៉ូតូកង់បីខូចខាតបន្តិចបន្តួច ។

ក្រោយកើតហេតុយុវជនរងគ្រោះ របួសធ្ងន់ត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅ ចំណែកមធ្យោបាយ ទាំង៣ គ្រឿងត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រងចាំដោះស្រាយគ្នានៅពេលក្រោយ ៕

អត្ថបទ៖តាតុង សែនជ័យ
