ក្នុងរយៈពេល៦ខែឆ្នាំ២០២២នេះ មានគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើងសរុប១៦០៩លើក ក្នុងនោះកើតឡើងពេលយប់មានដល់ទៅ៥៧ភាគរយ និងក្នុងចំណោមជនរងគ្រោះសរុប មានស្លាប់៩៤២នាក់ស្មើនឹង៣០ភាគរយនៃជនរងគ្រោះ អ្នករងរបួសសរុបមានជាង២ ២០០នាក់ ក្នុងនោះរបួសធ្ងន់ជាង១០០០នាក់។ នេះបើតាមរបាយការណ៍ថ្លែងដោយលោកជំទាវ មិន មាណាវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ លោកជំទាវ មិន មាណាវី បានឱ្យដឹងថាមូលហេតុនៃគ្រោះថ្នាក់រួមមានល្មើសល្បឿន៣៨ភាគរយ បើកបរមិនគោរពសិទ្ធិអាទិភាព២៤ភាគរយ មិនប្រកាន់ស្ដាំ១១ភាគរយ ជែង១១ភាគរយ បត់ក្នុងស្ថានភាពគ្រោះថ្នាក់១១ភាគរយ ស្រវឹង៣ភាគរយ យានយន្ត២ភាគរយ និងងងុយគេង១ភាគរយ។
ជាការកត់សម្គាល់ក្នុងចំណោមអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ចំនួន៩៤២នាក់នោះ មានអ្នកជិះម៉ូតូ៨១ភាគរយ ស្មើនឹង៧៥៩នាក់ ខណៈអ្នកមិនពាក់មួកសុវត្ថិភាពវិញមាន៥៥៨នាក់ស្មើនឹង៧៤ភាគរយ។ លោកជំទាវឱ្យដឹងថាគ្រោះថ្នាក់ដែលបានកើតឡើងភាគច្រើននោះ គឺនៅរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តព្រះសីហនុ ខណៈក្នុងឆមាសទី១ឆ្នាំ២០២២ បើធៀបនឹង១ឆមាសទី១ ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍បានកើនឡើង៣៤៨លើកស្មើ២៨ភាគរយ អ្នកស្លាប់កើន២៣៣នាក់ ស្មើ៣៣ភាគរយ និងរបួសកើន៤៤៣នាក់ស្មើ២៥ភាគរយ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា បន្ទាប់ពីស្ថានភាពកូវីដ–១៩នៅកម្ពុជាមានភាពធូរស្រាល ហើយរាជរដ្ឋាភិបាលបានប្រកាសបើកប្រទេសឡើងវិញ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានកើនឡើងធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ គិតជាមធ្យមក្នុងមួយថ្ងៃមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង៩លើក ស្លាប់៥នាក់ និងរបួស១០នាក់។ សម្ដេចបន្តថាស្ថានភាពនេះ ដោយសារតែកំណើននៃការធ្វើចរាចរណ៍តាមដងផ្លូវ នៅពេលដែលកម្មភាពសេដ្ឋកិច្ច និងសង្គមមានដំណើរការឡើងវិញកាន់តែច្រើន។
សម្ដេចបានបន្តថាបើប្រៀបធៀបស្ថានភាពចរាចរណ៍កម្ពុជា ជាមួយស្ថានភាពចរាចរណ៍ជាសកលឃើញថារយៈពេល១០ឆ្នាំ ពីឆ្នាំ២០១១ដល់ឆ្នាំ២០២០ កម្ពុជាបានកាត់បន្ថយអ្នកស្លាប់ចំនួន៤ពាន់៧២០នាក់ ស្មើ៦៤ភាគរយនៃចំនួនអ្នកស្លាប់តាមការព្យាការណ៍។ យ៉ាងណាក៏ដោយ សម្ដេចបន្តថាគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចាត់ទុកហេតុការណ៍នៃគ្រោះថ្នាក់និងជនរងគ្រោះដោយគ្រោះថ្នាក់ចរាចណ៍នេះថានៅតែជាបញ្ហាប្រឈមទាមទារការយកចិត្តទុកដាក់ដោះស្រាយឱ្យមានប្រសិទ្ធភាព និងប្រកបដោយការទទួលខុសត្រូវ៕

