រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបាននិយាយកាលពីថ្ងៃ ពុធ ថា យ៉ាងហោចណាស់មនុស្ស ២៦នាក់ បានស្លាប់ និង រាប់សិបនាក់ផ្សេងទៀតបានរងរបួសនៅក្នុងហេតុការណ៍ភ្លើងឆេះព្រៃដែលបំផ្លាញស្រុកចំនួន១៤ ភាគខាងជើងប្រទេសអាល់ហ្សេរី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Guardian នាថ្ងៃ ព្រហស្បតិ៍ ទី ១៨ ខែ សីហា ឆ្នាំ ២០២២។

លោក Kamel Beldjoud បានប្រាប់ទូរទស្សន៍រដ្ឋថា មនុស្ស ២៤នាក់ត្រូវបានស្លាប់នៅខេត្ត El Tarf ជិតព្រំដែនជាប់ប្រទេស ទុយនីស៊ី ខណៈមនុស្ស ២នាក់ទៀតបានស្លាប់នៅទីក្រុង Setif។

ទីភ្នាក់ងារការពារជនស៊ីវិលនៅទីក្រុង Setif បាននិយាយថា ស្រ្តី២នាក់បានស្លាប់នៅក្នុងទីក្រុងរបស់ខ្លួន ម្នាក់ជាម្ដាយ និង ម្នាក់ទៀតជាកូនស្រី ពួកគេទាំង២នាក់មានអាយុ ៥៨ឆ្នាំ និង ៣១ឆ្នាំ។ ទីភ្នាក់ងារបន្ដថា ចំណែកឯខេត្ត El Tarf គឺជាកន្លែងដែលរងគ្រោះខ្លាំងជាងគេបំផុត ដោយមានភ្លើងឆេះព្រៃចំនួន១៦ កំពុងវាយប្រហារដោយកម្លាំងព្រះអគ្គី។

ក្រុមអ្នកពន្លតអគ្គីភ័យ ដែលមានជំនួយពីឧទ្ធម្ភាគចក្រ នៅតែព្យាយាមទប់ទល់ជាមួយការឆេះជាច្រើនកន្លែងកាលពីល្ងាចថ្ងៃ ពុធ ខណៈអ្នកស្រុកប្រហែល ៣៥០នាក់ ត្រូវបានជម្លៀសចេញនៅតាមខេត្តនានា មុនពេលឧទ្ធម្ភាគចក្រពន្លត់អគ្គីភ័យត្រូវបានដាក់ពង្រាយនៅទីនោះ។

អាជ្ញាធរបាននិយាយថា មានមនុស្ស ៤នាក់បានរងរបួសរលាកភ្លើងនៅ Souk Ahras និង ៤១នាក់ទៀតពិបាកដកដង្ហើម ខណៈផ្លូវជាច្រើនខ្សែត្រូវបានបិទបណ្ដោះអាសន្ន។

ប្រទេសអាល់ហ្សេរីគឺជាប្រទេសដ៏បំផុតរបស់ទ្វីបអាហ្រ្វិក ខណៈភាគខាងជើងប្រទេសនេះ បានរងផលប៉ះពាល់ដោយភ្លើងឆេះព្រៃជារៀងរាល់ឆ្នាំ ដោយសារតែវិបត្តិអាកាសធាតុកាន់តែអាក្រក់ទៅៗ។ មនុស្សប្រហែល៩០នាក់ ត្រូវបានគេគិតថា ស្លាប់ក្នុងភ្លើងឆេះព្រៃកាលពីឆ្នាំមុន ហើយព្រៃឈើជាង ១០០,០០០ហិកតាត្រូវបានដុតបំផ្លាញ៕

ប្រភព៖ The Guardian

Share.