ពោធិ៍សាត់ ៖ កម្លាំងជំនាញព្រហ្មទណ្ឌស្រុកបាកាន សហការជាមួយកម្លាំងអធិការដ្ឋានក្រុងពោធិ៍សាត់ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ក្នុងករណីឆក់ និងលួចបូមប្រេងរថយន្តដែលចតឈប់តាមផ្លូវ។

តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបាកាន បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់នោះ ទី១មានឈ្មោះ ឌីវ សុខណេ អាយុ២១ឆ្នាំ ភេទប្រុស រស់នៅភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ នឹងទី២ មានឈ្មោះ សន វិសាល អាយុ១៨ឆ្នាំ ភេទប្រុស រស់នៅភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
តាមសម្ថិកិច្ចបានឲ្យដឹងថា ការឃាត់ខ្លួននេះបន្ទាប់ពីជនសង្ស័យ បានធ្វើសកម្មភាព លួចបូមប្រេងតាមរថយន្តឈប់សម្រាកនៅពេលយប់ នៅលើផ្លូវកៅស៊ូ ស្ថិតនៅភូមិក្រសាំងគ្រួ ឃុំបឹងខ្នារ លើផ្លូវជាតិលេខ៥ ក្នុងក្រុងពោធិ៍សាត់ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១០ និង៣០នាទី។ និងករណីទី២ ប្រព្រិត្តនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៥ និង៥៨នាទី នៅចំណុចលើផ្លូវជាតិលេខ៥ មុខធនាគារអេស៊ីលីដា ស្ថិតនៅភូមិក្រោលក្របី ឃុំត្រពាំងជង ស្រុកបាកាន ។

ចំពោះវត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ៖ ទូរស័ព្ទដៃម៉ាកអាយហ្វូន០២គ្រឿង, ម៉ូតូ២គ្រឿង ម៉ាក វីនន័រ គ្មានស្លាកលេខ និង១គ្រឿងទៀត ម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់ ១k.៩៣៣២ ដែលជារបស់ជនសង្ស័យជិះធ្វើសកម្មភាព អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ២សន្លឹក, កាតអេធីអឹម ២សន្លឹក, រួមនិងសម្ភារៈមួយចំនួនទៀត ។
បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ខាងលើ ត្រូវបានឃាត់ខ្លួន បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីចាត់ការបន្តតាមផ្លូវប្បាប់ ៕

