ពីវេទិកាអធិបតីនៃកិច្ចប្រជុំគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហើបឱ្យដឹងអំពីការសម្រេចចិត្តស្នើសុំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ តីទូលថ្វាយព្រះមហាក្សត្រដកតំណែងអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃមួយរូប បន្ទាប់ពីរកឃើញថាមានការជាប់ពាក់ព័ន្ធនឹងការសន្យាឱ្យចូលក្របខ័ណ្ឌនគរបាលជាតិ ជាថ្នូរនឹងការទទួលបានប្រាក់ចាប់ពី១ទៅ៣ម៉ឺនដុល្លារអាមេរិក។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ក្នុងន័យដើមថា«វាមាន មិនមែនអត់ទេ មន្រ្តីដែលត្រូវវិន័យ ថ្នាក់អនុរដ្ឋលេខាធិការ ខ្ញុំស្នើទៅសម្ដេចតេជោដកចេញ! ហ្នឹងដើរសន្យាគេតែម្ដង! ទេមិននិយាយហែកកេរ្តិ៍គេទេ។ ខ្ញុំមិនបញ្ចេញឈ្មោះទេ តែអាហ្នឹងជារឿងមួយដែលយើងត្រូវអារកាត់ធ្វើ។ បើមិនអ៊ីចឹងទេ ដើរសន្យាលក់អាក្របខ័ណ្ឌហ្នឹង អាហ្នឹងអត់បានទេ។ ព្រោះយើងកំពុងកំណែទម្រង់នគរបាលដើម្បីឈានទៅធ្វើម៉េចឱ្យមានគុណភាពប្រសិទ្ធភាពបម្រើប្រជាពលរដ្ឋ»។

បើតាមសម្ដេចក្រឡាហោម ធាតុពិតទៅការសន្យារបស់អនុរដ្ឋលេខាធិការដែលសម្ដេចបានស្នើសុំដកចេញនោះ មិនមានលទ្ធភាព និងសង្ឃឹមថាបានសម្រេចនោះទេ ដោយបន្តថា «វាអត់មានសង្ឃឹមថាបានទេ! តែអាអ្នកហ្នុងក៏ចេះតែជឿគេអ៊ីចឹងទៅ ឱ្យលុយឱ្យកាក់គេអ៊ីចឹងទៅ តែធាតុពិតទៅវាមានបានឯណា! ព្រោះគាត់[អនុរដ្ឋលេខាធិការរបូតតំណែង]ហ្នុងមានលទ្ធភាពអី? អ្នកដែលធ្វើការងារហ្នុង រត់ឆបោកគេសុទ្ធហ្មង!»។

សម្ដេចក្រឡាហោម ក៏បានឱ្យដឹងដែរថាទោះបីសម្ដេចផ្ទាល់ក្នុងឋានៈជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃក៏ដោយ ក៏សម្ដេចមិនមានសិទ្ធិដើម្បីចុះហត្ថលេខាផ្ដល់ក្របខ័ណ្ឌឱ្យជាប់ជាមន្រ្តីដោយគ្មានប្រឡងដែរ។ សម្ដេចបន្ថែមថា «ខ្ញុំបានត្រឹមតែមានសិទ្ធិអនុញ្ញាតឱ្យមានសិទ្ធិប្រឡង ពីព្រោះដាក់ពាក្យមកជួនអីអត់គ្រប់លក្ខខណ្ឌគេមិនឱ្យប្រឡងទេ។ ប៉ុន្តែខ្ញុំមានសិទ្ធិអនុញ្ញាតឱ្យមានសិទ្ធិប្រឡង ខ្វះខាតលក្ខខណ្ឌអីតិចតួចអនុញ្ញាតទៅ។ តែត្រង់ថាប្រឡងមិនជាប់គឺមិនជាប់ហើយ»៕

Share.