បន្ទាយមានជ័យ៖ អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ចុះជួយច្រូតស្រូវជូនប្រជាកសិករ ដែលកំពុងទទួលរងនូវការលិចលង់ដោយជំនន់ទឹកភ្លៀង នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ នាវាលស្រែភូមិអ្នកតា សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ។

លោក ហ៊ិល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានប្រាប់បណ្តាញអ្នកសាព័ត៌មានថា ក្រោយមានភ្លៀងធ្លាប់ជាប់ៗគ្នារយៈពេលប៉ុន្មានថ្ងៃនេះ ជំនន់ទឹកភ្លៀងបានជន់លិចស្រូវដែលកំពុងទំ ជិតដល់ប្រមូលផល ទើបអាជ្ញាធរខេត្តចុះជួយច្រូតកាត់ជាមួយប្រជាកសិករ ដើម្បីកុំឱ្យស្រូវទាំងនោះខូចខាត។ វាលស្រែដែលកំពុងជន់លិចដោយជំនន់ទឹកភ្លៀង គឺស្ថិតនៅស្របមាត់ស្ទឹងខាងត្បូង និងខាងជើងនៃសង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ដែលភាគច្រើនជាប្រភេទស្រូវមិនប្រកាន់រដូវ ដូចជា ស្រូវសែនក្រអូប និងស្រូវអ៊ីអ៊ា។

លោកអភិបាលក្រុង បានបញ្ជាក់ថា ដោយការយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តម អ៊ុ រាត្រី ជាអភិបាលខេត្ត និងលោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ឯកឧត្តមទាំងទ្វេ បានដឹកនាំមន្ត្រីរាជការ និងកងកម្លាំងទាងបី រួមមាន៖ កងរាជអាវុធហត្ថ មន្ត្រីនគរបាល និងមន្ត្រីយោធា ប្រមាណជាង៥០នាក់ ចុះជួយច្រូតកាត់ប្រមូលផលស្រូវកំពុងត្រូវទឹកជំនន់ ជន់លិច នៅវាលស្រែខាងជើងភូមិអ្នកតា បានចំនួន២ហិកតា។

ដើម្បីជួយសម្រួលដល់ការលំបាករបស់ប្រជាពរលរដ្ឋ ព្រោះតែប្រជាពលរដ្ឋមិនអាចច្រូតកាត់ដោយម៉ាស៊ីនបាន ហើយឯកឧត្តមនឹងដឹកនាំកម្លាំងចំនួន២០០នាក់ទៀត ចុះច្រូតកាត់ប្រមូលផលនៅវាលខាងត្បូងស្ទឹង ស្ថិតសង្កាត់ភ្នៀត ក្រុងសិរីសោភ័ណផងដែរ៕

