អ្នកនាំពាក្យរបបយោធាមីយ៉ាន់ម៉ា បាននិយាយថា ប្រទេសមីយ៉ាន់ម៉ាដែលបច្ចុប្បន្នគ្រប់គ្រងដោយរបបយោធាគ្រោងនឹងនាំចូលប្រេងឥន្ទនៈពីប្រទេសរុស្ស៊ី ដើម្បីបន្ធូរបន្ថយកង្វល់នៃការផ្គត់ផ្គង់ និង ការកើនឡើងតម្លៃខ្ពស់ គម្រោងរបស់មីយ៉ាន់ម៉ាកើតមានឡើងស្របពេលដែលពិភពលោកកំពុងជួបវិបត្តិថាមពល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Aljazeera នាថ្ងៃ ព្រហស្បតិ៍ ទី ១៨ ខែ សីហា ឆ្នាំ ២០២២។

ប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានរក្សាទំនាក់ទំនងមិត្តភាពជាមួយប្រទេសរុស្ស៊ី ទោះបីជាប្រទេសទាំង២ កំពុងស្ថិតក្រោមការដាក់ទណ្ឌកម្មពីបណ្ដាប្រទេសលោកខាងលិចក៏ដោយ។

ប្រទេសមីយ៉ាន់ម៉ាកើតចេញពីការធ្វើរដ្ឋប្រហារយោធា ដោយបានផ្ដួលរំលំរដ្ឋាភិបាលជាប់ឆ្នោតកាលពីឆ្នាំមុន ខណៈរុស្ស៊ីក៏ជាប្រទេសដែលបានធ្វើសង្រ្គាមលុកលុយអ៊ុយក្រែនដែរ ប៉ុន្ដែរុស្ស៊ីនៅតែនិយាយថា ខ្លួនមិនបានធ្វើសង្រ្គាមទេគឺ រុស្ស៊ីកំពុងបើកប្រតិបត្តិការយោធាពិសេសនៅទីនោះប៉ុណ្ណោះ។

ប្រទេសរុស្ស៊ីកំពុងស្វែងរកអតិថិជនថ្មីសម្រាប់ថាមពលរបស់ខ្លួននៅក្នុងតំបន់ ដែលអឺរ៉ុបគឺជាគោលដៅនាំចេញប្រេងដ៏ធំបំផុតរបស់រុស្ស៊ី ខណៈអឺរ៉ុបបានដាក់ទណ្ឌកម្មលើការនាំចូលប្រេងពីរុស្ស៊ីកាលពីចុងឆ្នាំនេះ។

អ្នកនាំពាក្យរបបយោធា លោក Zaw Min Tun បាននិយាយក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃ ពុធ ថា «យើងបានទទួលការអនុញ្ញាតឲ្យនាំចូលប្រេងឥន្ទនៈពីប្រទេសរុស្ស៊ី» ដោយបន្ថែមថា «ប្រេងរបស់រុស្ស៊ីមានគុណភាពខ្ពស់ ហើយមានតម្លៃទាប»។

យោងតាមប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា ការដឹកជញ្ជូនប្រេងឥន្ទនៈនឹងត្រូវបានចាប់ផ្ដើមពីខែ កញ្ញា ខាងមុខនេះ។

លោក Zaw Min Tun បាននិយាយថា លោកឧត្តមសេនីយ៍ឯក Min Aung Hlaing មេបញ្ជាការយោធា បានពិភាក្សាអំពីប្រេង និង ឧស្ម័ន ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីកាលពីខែមុន។ ឥលូវនេះ មីយ៉ាន់ម៉ាបានាំចូលប្រេងឥន្ទនៈរបស់ខ្លួនតាមរយៈប្រទេសសិង្ហបុរី ទន្ទឹមនោះមីយ៉ានម៉ានឹងពិចារណាលើការរុករកប្រេងរួមគ្នានៅក្នុងប្រទេសមីយ៉ាន់ម៉ា ជាមួយរុស្ស៊ី និង ចិនដែរ។

យោធាបានបង្កើតគណៈកម្មាធិការទិញប្រេងរបស់រុស្ស៊ីដែលដឹកនាំដោយសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក Min Aung Hlaing ដើម្បីត្រួតពិនិត្យការទិញនាំចូល នឹង ដឹកជញ្ជូនប្រេងឥន្ទនៈក្នុងតម្លៃសមរម្យ ដោយផ្អែកលើតម្រូវការរបស់ប្រទេសមីយ៉ាន់ម៉ា នេះបើយោងតាមសេចក្ដីថ្លែងការណ៍ដែលបានចេញផ្សាយនៅក្នុងកាសែតរដ្ឋកាលពីថ្ងៃ ពុធ សប្ដាហ៍នេះ។

បន្ថែមពីលើភាពចលាចលនយោបាយ និង ភាពចលាចលស៉ីវិល មីយ៉ាន់ម៉ាបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយតម្លៃប្រេងឥន្ទនៈឡើងខ្ពស់ និង ការដាច់ចរន្ដអគ្គិសនី ដែលកត្តាទាំងអស់នេះជំរុញឲ្យមេដឹកនាំរបបយោធារបស់ខ្លួនងាកទៅរកការនាំចូលប្រេងឥន្ទនៈដែលអាចប្រើប្រាស់ក្នុងរោងចក្រថាមពល។

សូមជម្រាបថា តម្លៃប្រេងឥន្ទនៈបានកើនឡើងប្រហែល ៣៥០ភាគរយ ចាប់តាំងពីការធ្វើរដ្ឋប្រហារកាលពីខែ កុម្ភៈ ឆ្នាំ២០២១មក ដោយមានតម្លៃចាប់ពី ២,៣០០ ទៅ ២,៧០០ ចាត់(Kyat) ឬ មានតម្លៃចាប់ពី ១.១០ ដល់ ១,២៩ដុល្លារអាមេរិក ក្នុង ១លីត្រ៕

ប្រភព៖ Aljazeera

Share.