ព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូហុងដាឌ្រីមគ្រឿង បុកជាមួយរថយន្តហាយឡេនឌ័របណ្តាលឲ្យបុរសម្នាក់ស្លាប់ និងស្រ្តីម្នាក់រងរបួសធ្ងន់។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោងវេលាម៉ោង ០៧:០០នាទី នៅថ្ងៃទី១៩ខែសីហា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២០២ -២០៣ ស្ថិតក្នុងភូមិអូរតាសេក ឃុំឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សពជនរងគ្រោះមានឈ្មោះ អែម វី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ កម្មកររោងចក្រ និងអ្នករួមដំណើរ ឈ្មោះ ប៉ាន់ ឃីម ភេទស្រី អាយុ ៣៥ឆ្នាំ មុខរបរកម្មកររោងចក្រ អ្នកទាំង០២មានទីលំនៅភូមិបត់គគីរ ឃុំអរឧក ញ៉ាហេង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូ០១គ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1S-56 30 ដែលមានទិសដៅពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ លុះដល់ចំណុចកើតហេតុបានវ៉ាជែង គាប់ជួនមានរថយន្ដ០១គ្រឿងម៉ាក HIGHLANDER ពណ៌មាស ពាក់ស្លាកលេខ ភ្នំពេញ 2AY-2706 ដែលមានទិសដៅផ្ទុយគ្នា អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ បានបុកចំពីមុខខាងឆ្វេងបណ្តាលឲ្យភាគីខាងម៉ូតូស្លាប់ម្នាក់ របួសធ្ងន់ម្នាក់។ក្រោយកើតហេតុម្ចាស់រថយន្តបានចុះរត់គេចខ្លួនបាត់ បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។

បច្ចុប្បន្នសពត្រូវបានសាច់ញាតិយកទៅធ្វើ បុណ្យតាមប្រពៃណី ចំណែកជនរងគ្រោះ បានទៅសង្គ្រោះនៅគ្លីនិច ឯកជន ។ រីឯរថយន្ដនិងម៉ូតូសមត្ថកិច្ចបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់បណ្ដោះអាសន្ន រងចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយគ្នាតាមផ្លូវច្បាប់៕
អត្ថបទ៖ព្រះសីហនុ

