ភ្នំពេញ ៖ យុវជនម្នាក់ស្លាប់និងម្នាក់ទៀត រងរបួសស្រាល បន្ទាប់ពីបើកម៉ូតូឌុបគ្នាចុះពីលើស្ពានអាកាសស្ទឹងមានជ័យយ៉ាងលឿនជ្រុលទៅបុកខឿនផ្លូវដួលអូសជាច្រើនម៉ែត្រ។ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១ និង ៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រ ទី១៩ ខែសីហា ឆ្នាំ២០២២ នៅចំហៀងក្រោមស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សពជនរងគ្រោះមានឈ្មោះ ធូ សុធារ៉ូត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សសាលាវិទ្យាល័យ ១០០ខ្នង រស់នៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាអ្នកឌុប។ អ្នករងរបួសស្រាលមានឈ្មោះ ធូ ចាន់រតនៈ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិត រស់នៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ ត្រូវជាបងជីដូនមួយ ជាអ្នកអង្គុយខាងក្រោយ។អ្នកទាំងពីរជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ផ្លាកលេខកណ្ដាល 1AD.8517 ។

តាមអ្នកឃើញហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍នេះបានប្រាប់ឲ្យដឹងថា មុនកើតហេតុ គេឃើញជនរងគ្រោះពីរនាក់បើកម៉ូតូមួយគ្រឿងឌុបគ្នាចុះពីលើស្ពានអាកាសស្ទឹងមានជ័យ ទិសដៅពីត្បូងមកជើងក្នុងល្បឿនយ៉ាងលឿន។ ខណៈមកដល់ចំណុចកើតហេតុខាងលើ ដោយសាផ្លូវកោងផងនោះ ក៏ជ្រុលបុកខឿនផ្លូវដួលទាំងកំរោលអូសជាច្រើនម៉ែត្រ បណ្ដាលឲ្យយុវជនម្នាក់ជាអ្នកឌុបបោកក្បាលនិងបង្គោលភ្លើងបំភ្លឺផ្លូវរបួសយ៉ាងធ្ងន់និងស្លាប់ពេលរថយន្តសង្គ្រោះដឹកជិតដល់មន្ទីរពេទ្យ។ ចំណែកឯអ្នកអង្គុយក្រោយរងរបួសស្រាល។

តាមសម្តីសាច់ញាតិជនរងគ្រោះបានប្រាប់ឲ្យដឹងថាដំបូងឡើយពួកគាត់ទាំងពីរនាក់បានហូបចុកផឹកស៊ីនៅសួនមុខវត្តបុទុមវតីហើយក៏បានត្រឡប់ទៅផ្ទះវិញ នៅទឹកថ្លាបែរជាមកជួបគ្រោះថ្នាក់បែបនេះ ទៅវិញ។
ក្រោយពីទទួលបានដំណឹងនេះភ្លាម សាច់ញាតិបងប្អូនជនរងគ្រោះបានចុះមកដល់កន្លែងកើតហេតុ ដោយបានទ្រហោយំបោកខ្លួនស្ដាយស្រណោះជនរងគ្រោះខ្លាំង និងបានសម្រេចឲ្យខាងរថយន្តសាមុយដឹក សពជន រងគ្រោះយកទៅតម្កល់នៅវត្តទឹកថ្លា រង់ចាំចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។ក្រោយមកសមត្ថកិច្ចមូលដ្ឋានក៏ចុះមក ដល់ ដោយយកម៉ូតូជនរងគ្រោះទៅរក្សាទុករង់ចាំប្រគល់ឲ្យក្រុមគ្រួសារនាពេលក្រោយ ៕
អត្ថបទ និង រូបភាព ៖ វិច្ឆិកា
