ក្នុងឆមាសទី១ ឆ្នាំ២០២២នេះ សមត្ថកិច្ចបានតាមដានស្រាវជ្រាវ បង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទចំនួន៧៤ករណី ថយចុះ១២៤ករណី ធៀបនឹងឆ្នាំ២០២១ ឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅសាលាដំបូងចំនួន៨៣នាក់ អនីតិជន៧នាក់ ក្នុងនោះជនសង្ស័យជាជនបរទេសមាន១២នាក់ ស្មើ៤សញ្ជាតិ។

«សមត្ថកិច្ចក៏បានសង្គ្រោះជនរងគ្រោះ១៥៦នាក់ ក្នុងនោះស្រី១០៥នាក់ អាយុក្រោម១៥ឆ្នាំ៦០នាក់»។ នេះបើតាមរបាយការណ៍លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមន្ស។

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រុមការងារអន្តរក្រសួងស្ថាប័នទាំង៦ និងក្រសួង-ស្ថាប័នជាសមាជិកគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមន្ស ហៅកាត់ គ.ជ.ប.ជ ប្រចាំឆមាសទី១ ឆ្នាំ២០២២ នៅទីស្ដីការក្រសួងមហាផ្ទៃ។

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ បានឱ្យដឹងថាក្នុងឆមាសទី១ ឆ្នាំ២០២២នេះ ស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អាជ្ញាធរ មន្ទីរពាក់ព័ន្ធ បានសហការជាមួយអង្គការដៃគូ ផ្សព្វផ្សាយស្ដីពីការទប់ស្កាត់អំពើជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ ការធ្វើចំណាកស្រុកដោយសុវត្ថិភាព សរុបចំនួន ៥២.៨០២លើក មានអ្នកចូលរួម២.៣១២.៧៧៣នាក់ បានកើនឡើងជាង៣០.០០០នាក់ធៀបនឹងឆ្នាំ២០២១។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីចំណុចសំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា ក្នុងតំបន់ និងអន្តរជាតិ។ សម្ដេចក៏បានលើកឡើងអំពីទំនាក់ទំនងក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរវាងកម្ពុជា និងអាមេរិក និងបានណែនាំឱ្យតាមដានរាល់ការផ្សព្វផ្សាយព័ត៌មានផ្សេងៗដែលអាចពាក់ព័ន្ធអំពើជួញដូរមនុស្សដើម្បីមានវិធានការបង្ការ ទប់ស្កាត់ បង្ក្រាប និងបំភ្លឺ។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងកោតសរសើរក្រុមការងារចំណុះលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សចំពោះលទ្ធផលដែលសម្រេចបានក្នុងរយៈពេល៦ខែដើមឆ្នាំ២០២២នេះ និងថា«បើទោះបីជាបានសម្រេចកិច្ចការជាច្រើនហើយក៏ដោយ ក៏នៅតែមានបញ្ហាប្រឈមជាច្រើនទៀតដែលត្រូវបន្តរួមគ្នាដោះស្រាយ»។

សូមបញ្ជាក់ថាក្នុង៦ខែដើមឆ្នាំ២០២២នេះ សាលាដំបូងរាជធានី-ខេត្ត បានធ្វើចំណាត់ការលើបទល្មើសក្រោមច្បាប់ស្ដីពីការង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ដោយជាលទ្ធផលមាន៣ដំណាក់កាល គឺដំណាក់កាលអយ្យការអមសាលាដំបូង សរុប១៩៥សំណុំរឿង មានជនត្រូវចោទ១១១នាក់, ដំណាក់កាលចៅក្រមស៊ើបសួរ មាន១៧៨សំណុំរឿង មានជនត្រូវចោទ២៥០នាក់ និងដំណាក់កាលចៅក្រមជំនុំជម្រះមាន២៨០សំណុំរឿង មានជនត្រូវចោទ៣៤៨នាក់៕

Share.