នៅពេលថ្មីៗនេះ សារព័ត៌មានប្រទេសថៃចុះផ្សាយបានឱ្យដឹងថា តារាជើងចាស់ប្រទេសថៃ លោក សម្បត្តិ មេថានី បានទទួលមរណភាពក្នុងវ័យ ៨៥ ឆ្នាំ ដោយរោគាពាធ នាគេហដ្ឋានរបស់លោកនាប្រទេសថៃ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០២២ នេះ។

ដំណឹងនេះបានធ្វើឱ្យមហាជនទាំងខ្មែរ និងថៃ មានអារម្មណ៍ស្លុតចិត្តយ៉ាងខ្លាំង ដោយសារតែតារាជើងចាស់របស់ប្រទេសថៃរូបនេះធ្លាប់មានស្នាដៃចូលរួមសម្តែងជាមួយនឹងវីរសិល្បករកម្ពុជា លោក ស្រី ឌីសាវ៉េត។ មហាជនខ្មែរដែលធ្លាប់ស្គាល់ និងពេញចិត្តការសម្តែងរបស់លោក សម្បត្តិ មេថានី តាំងពីមុនឆ្នាំ១៩៧៥ មកម៉្លេះ លោកធ្លាប់បង្ហាញមុខក្នុងភាពយន្ត«ស្នេហ៍ឆ្លងវេហា » «ជីវិតផ្សងព្រេង» និងរឿង «ពស់កេងកង»។ ក្រៅនោះ បច្ចុប្បន្ននេះ លោកក៏ជាតារារឯកប្រុសដែលជាប់នៅក្នុងកំណត់ត្រា Guinness Book of world Record ក្នុងនាមជាតួឯកប្រុសសម្ដែង 617 ភាពយន្ត នៅក្នុងឆ្នាំ ២០១៦។

លោក សម្បត្តិ មេថានី ជាតារាភាពយន្តលំដាប់កំពូលប្រចាំព្រះរាជាណាចក្រថៃ ក្នុងចំនោមតារាប្រុសស្រីបួនដួង។ លោក បានប្រឡូកក្នុងវិស័យសិល្បៈភាពយន្តតាំងចុងទសវត្ស៥០ រហូតមកដល់ឆ្នាំ២០១៦។ ខ្សែភាពយន្តដែលលោកបានសម្តែងមានចំនួន ៦១៧រឿង។ លោក ជាសិល្បករដ៏មានទេពកោសល្យ និងមានអត្តចរិករស់រាយរាក់ទាក់បំផុតចំពោះអ្នកគាំទ្រ។ លោក ជាតួឯកប្រុសមួយដួងដ៏មានប្រជាប្រិយភាពដែលជាសហផលិតកម្មរវាងកម្ពុជា និងថៃកាលពីឆ្នាំ១៩៧០។ នៅទសវត្សឆ្នាំ៧០ ភាពយន្តល្បីៗដែលលោកបានសម្តែង ក៏ដាក់បញ្ចាំងនៅក្នុងប្រទេសកម្ពុជា ហើយកេរ្តិ័នាមរបស់លោកក៏ល្បីល្បាញក្នុងប្រទេសកម្ពុជាផងដែរ។



