ភ្នំពេញ ៖ មេការសំណង់ម្នាក់ជិះម៉ូតូប្រញាប់ទៅមើលការដ្ឋានសំណង់ លឿនជ្រុលទៅបុកឆ្កែដេញគ្នាតាមផ្លូវ បណ្តាលឲ្យដួលបាក់ស្មងជើងខាងស្តាំ ។

ហេតុការណ៍គ្រោះថ្នាក់ខាងលើ កើតឡើងកាលពីវេលាម៉ោង១និង៥០នាទីរសៀល ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ នៅតាមផ្លូវបេតុងព្រៃស ស្ថិតត្រង់ចំណុចភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ
ជនរងគ្រោះឈ្មោះ ស៊ាន់ វុទ្ធី ភេទប្រុស អាយុ៤៥ឆ្នាំ ជាមេការសំណង់ រស់នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FY-1028 ធ្វើដំណើរពីកើតទៅលិច គោលបំណងឆ្ពោះទៅមើលការដ្ឋាននៅឯស្រុកកណ្តាលស្ទឹង លុះដល់ចំណុចកើតហេតុ ហ្វ្រាំងមិនទាន់ជ្រុលទៅបុកឆ្កែកំពុងដេញគ្នាតាមផ្លូវ បណ្តាលឲ្យដួលរងរបួសបាក់ស្មងជើងខាងស្តាំ រីឯសត្វឆ្កែរត់បោលបាត់ ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខណ្ឌដង្កោ ដឹកយកទៅព្យាបាល រីឯម៉ូតូរងខូចខាតបន្តិចបន្តួច សមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសាររបស់ជនរងគ្រោះនៅកន្លែងកើតហេតុ ៕
អត្ថបទ៖ តាតុងសែនជ័យ

