ភ្នំពេញ÷ យុវជនម្នាក់រងរបួសស្រាលក្នុងករណីបុរសម្នាក់បើករថយន្តតាកូម៉ាបុករះម៉ូតូនិងតូបលក់បាយ កាលពីវេលាម៉ោង 9:30 យប់ថ្ងៃទី 19 ខែសីហា ឆ្នាំ 2022 ស្ថិតក្នុងសង្កាត់បឹងកក់ 2 ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា ដំបូងឡើយឃើញបុរសម្នាក់ បើករថយន្តម៉ាតតាកូម៉ាមួយគ្រឿងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2BD-3785 ធ្វើដំណើរតាមបណ្ដោយផ្លូវ 528 ក្នុងទិសដៅពីជើងទៅត្បូង ដោយមានបើកសំឡេងបាស់ឮៗ និងបើកបរដោយល្បឿនលឿនថែមទៀត ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏រ៉េចង្កូតទៅបុកម៉ូតូស្គុបពីមួយគ្រឿងពណ៌ឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ 1AR-8920 ដែលចតនៅខាងស្ដាំមានយុវជនរងគ្រោះនៅអង្គុយពីលើកំពុងនិយាយគ្នាលេងជាមួយបុរសពីរនាក់ផ្សេងទៀត បណ្ដាលអោយម៉ូតូបុកផ្ទប់ជាមួយនឹងជញ្ជាំងផ្ទះ បណ្ដាលឱ្យម៉ូតូរងការខូចខាតយ៉ាងដំណំ ឯអ្នកអង្គុយលើម៉ូតូរងរបួសស្រាល ហើយរថយន្តបន្តទៅបុកតូបលក់បាយ រងការខូចខាតបាក់បែករាយប៉ាយពេញចិញ្ចឹមផ្លូវ ចំណែកឯបុរស 2 នាក់ផ្សេងទៀត ដែលអង្គុយជជែកលេងជាមួយនឹងយុវជនរងគ្រោះបានលោតគេចទាន់មិនមានរងរបួសនោះទេ។

ក្រោយពីកើតហេតុក៏មានវត្តមានរបស់សមត្ថកិច្ចមូលដ្ឋាន ក៏ដូចជាជំនាញនគរបាលចរាចរណ៍ខណ្ឌទួលគោក បានចុះដល់ទីតាំងកន្លែងកើតហេតុ ធ្វើការសម្របសម្រួលអោយភាគទី ២ ដោយភាគីអ្នកបើកបររថយន្តព្រមចេញថ្លៃសងការខូចខាតទៅភាគពីររងគ្រោះដើម្បីបញ្ចប់រឿងកុំឱ្យវែងឆ្ងាយ៕

អត្ថបទ÷លី សុភ័ស
