ភ្នំពេញ÷ រថយន្តសេរីទនើប២គ្រឿង បើកកៀរគ្នាបន្តិចបន្ទួចម្ចាស់រថយន្តជជែកគ្នាតឹងសរសៃកដាក់គ្នា ករណីនេះកើតឡើងកាលពីវេលាម៉ោង 10:30 យប់ថ្ងៃទី 19 ខែសីហា ឆ្នាំ 2022 ក្នុងសង្កាត់ទួលស្វាយព្រៃ 2 ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគេឃើញបុរសម្នាក់ បើករថយន្តឡុងគ្រីស័រពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BB-0106 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសីហនុ ក្នុងទិសដៅពីលិចមកកើត លុះមកដល់ចំណុចស្តុកផ្សារអូឡាំពិកកែងជាមួយផ្លូវលេខ 199 ក៏មានបុរសម្នាក់បើករថយន្តហ្វតធូនឺពណ៍ខ្មៅមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AT9914 ធ្វើដំណើរស្របទិសគ្នាមក មកកៀរបណ្ដាលឱ្យរថយន្តទាំងពីររងការខូចខាតបន្តិចបន្តួច។ ស្រាប់តែអ្នកបើកបររថយន្តទាំងពីរជជែកគ្នា យកត្រូវរៀងៗខ្លួន តឹងសរសៃកផ្អើលប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវនិងប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ។

ក្រោយពីកើតហេតុក៏មានវត្តមានរបស់សមត្ថកិច្ចមូលដ្ឋាន រួមជាមួយសមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ផ្លូវគោកខណ្ឌបឹងកេងកង បានចុះដល់ទីតាំងកន្លែងកើតហេតុ ធ្វើការសម្របសម្រួលឱ្យភាគីទាំងពីរ ដោយភាគីទាំងពីរព្រមយករថយន្តទៅជួសជុលរៀងៗខ្លួន ដើម្បីបញ្ចប់រឿងកុំឱ្យវែងឆ្ងាយ៕

អត្ថបទ÷លី សុភ័ស

Share.