វេជ្ជបណ្ឌិតនៅក្នុងប្រទេសឥណ្ឌាបានប្រកាសពីការរកឃើញវីរុសថ្មីដែលមានឈ្មោះថា «ជំងឺគ្រុនផ្ដាសាយប៉េងប៉ោះ» ដែលបច្ចុប្បន្ននេះវាបានឆ្លងដល់កុមាររាប់សិបនាក់ហើយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Daily mail នាថ្ងៃ សៅរ៍ ទី ២០ ខែ សីហា ឆ្នាំ ២០២២។
ការឆ្លងនេះត្រូវបានគេប្រទះឃើញដំបូងកាលពីថ្ងៃទី ០៦ ខែ ឧសភា នៅរដ្ឋ Kerala ភាគខាងត្បូងប្រទេសឥណ្ឌា ហើយករណីរកឃើញចុងក្រោយបង្អស់នៅថ្ងៃទី ២៦ ខែ កក្កដានេះ គេបារម្ភថា នេះជាប្រភេទថ្មីនៃជំងឺដែលពាក់ព័ន្ធនឹងការកន្ទួលរមាស់ ពងបែក ដៃ ជើង និង មាត់។

អ្នកជំនាញក៏កំពុងធ្វើការស៊ើបអង្កេតផងដែរថា តើវាជាផលប៉ះពាល់ក្រោយការឆ្លងពីជំងឺដែលបង្កឡើងដោយមូសខ្លាមែន ឬអត់?
រហូតមកដល់ពេលនេះមានកុមារអាយុក្រោម ៥ឆ្នាំ ចំនួន ៨២នាក់ហើយ ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានផ្ទុកជំងឺគ្រុនផ្ដាសាយប៉េងប៉ោះ ចាប់តាំងពីខែ ឧសភា ហើយកុមារចំនួន ២៦នាក់ផ្សេងទៀត ដែលមានអាយុចាប់ពី ១ឆ្នាំ ដល់ ១០ឆ្នាំ កំពុងស្ថិតក្នុងការសង្ស័យ។

មូលហេតុដែលគេដាក់ឈ្មោះថា «ផ្ដាសាយប៉េងប៉ោះ» ព្រោះតែជំងឺនេះ បណ្ដាលឲ្យអ្នកជំងឺកើតកន្ទួល និង ពងបែកពណ៌ក្រហមពាសពេញរាងកាយ ហើយកន្ទួលបានរីកធំឡើងៗ ដល់ទំហំប៉ុនផ្លែប៉េងប៉ោះ។
វេជ្ជបណ្ឌិតនៅឥណ្ឌានិយាយថា អ្នកជំងឺភាគច្រើនមានអាការៈដូចជា គ្រុនក្ដៅខ្លាំង ឈឺសន្លាកខាំង អស់កម្លាំង រាគ ចង្អោរ ក្អួត ខ្សោះជាតិទឹក និង ឈឺរាងកាយ។ កុមារតូចៗក៏ងាយនឹងឆ្លងមេរោគនេះផងដែរ គឺឆ្លងតាមរយៈការប្រើប្រាស់កន្សែង ប៉ះពាល់លើវត្ថុដែលមិនស្អាត ក៏ដូចជាដាក់អាហារ ឬ ចំណីមិនស្អាតចូលទៅក្នុងមាត់ជាដើម។

អ្នកជំនាញបានសង្កេតឃើញរោគសញ្ញាសំខាន់ៗ ដែលមានលើកុមារកើតជំងឺគ្រុនផ្ដាសាយប៉េងប៉ោះនេះ គឺស្រដៀងទៅនឹងជំងឺ Chikungunya ដែលជាជំងឺស្រដៀងនឹងជំងឺគ្រុនឈាម ចម្លងដោយសត្វមូស និង ជាជំងឺរាតត្បាតនៅក្នុងតំបន់មួយចំនួននៅប្រទេសឥណ្ឌា។
វេជ្ជបណ្ឌិតបាននិយាយថា ជំងឺនេះងាយឆ្លងខ្លាំងណាស់ ហើយគេខ្លាចថា វាអាចចម្លងទៅមនុស្សពេញវ័យ ប្រសិនបើការផ្ទុះឡើងនាពេលនេះមិនត្រូវបានគ្រប់គ្រងទេនោះ។ បច្ចុប្បន្នមិនមានការធ្វើតេស្ដ ឬ ព្យាបាលសម្រាប់មេរោគនេះនៅឡើយទេ។

វេជ្ជបណ្ឌិតបានបន្ដថា អ្នកជំងឺដែលកើតផ្ដាសាយប៉េងប៉ោះទាំងអស់ គួរតែនៅដាច់ដោយឡែកពីគេរយៈពេលពី ៥ ទៅ ៧ថ្ងៃ ចាប់ពីថ្ងៃចេញរោគសញ្ញា ហើយត្រូវសម្រាក ផឹកទឹកឲ្យបានច្រើន និង លេបថ្នាំប៉ារ៉ាសេតាមុល។
សូមជម្រាបថា ជំងឺចម្លែកនេះបានកើតឡើងនៅពេលដែលពិភពលោកកំពុងតែប្រឹងប្រយុទ្ធយកឈ្នះនឹងជំងឺរាតត្បាតកូវីដ១៩ និង ជំងឺអុតស្វា ដែលកំពុងតែឆ្លងរាតត្បាតជុំវិញពិភពលោក៕

