មន្រ្តីសុខាភិបាលថៃបាននិយាយថា ចំនួនអ្នកស្លាប់នៅក្នុងក្លឹបរាត្រីមួយកន្លែងនៅក្នុងប្រទេសថៃបានកើនឡើងដល់ ២០នាក់ហើយ ខណៈជនរងគ្រោះជាច្រើននាក់ទៀតកំពុងបន្ដទទួលការព្យាបាលនៅមន្ទីរពេទ្យ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ សៅរ៍ ទី ២០ ខែ សីហា ឆ្នាំ ២០២២។
អគ្គីភ័យបានកើតឡើងកាលពីថ្ងៃទី ០៥ ខែ សីហា នៅក្លឹបរាត្រី Mountain B ស្ថិតក្នុងខេត្ត ឈុនបុរី មានចម្ងាយប្រហែល ១៥០គីឡូម៉ែត្រ ភាគអាគ្នេយ៍ទីក្រុង បាងកក។

អាជ្ញាធរបានរកឃើញសាកសពឆេះខ្លោចចំនួន ១៣នាក់ នាថ្ងៃដំបូងនៅកន្លែងកើតហេតុនេះ ដោយក្រុមមន្រ្តីពន្លត់អគ្គីភ័យបានប្រើប្រាស់ពេលជាង ៣ម៉ោង ដើម្បីគ្រប់គ្រងស្ថានការណ៍ឲ្យប្រសើរឡើងវិញនៅទីនោះ។
ការិយាល័យសុខភាពសាធារណៈខេត្ត ឈុនបុរី បាននិយាយថា មនុស្ស ៧នាក់ផ្សេងទៀតបានស្លាប់ ដោយសាររបួសរបស់ពួកគេធ្ងន់ធ្ងរពេក ដោយអ្នកស្លាប់ចុងក្រោយបង្អស់គឺជាបុរសអាយុ ៥០ឆ្នាំ។

អាជ្ញាធរសុខាភិបាលក្នុងតំបន់បានឲ្យដឹងថា បច្ចុប្បន្នមានអ្នករងរបួសចំនួន ២៥នាក់ កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ដោយក្នុងនោះមាន ៩នាក់ កំពុងប្រើប្រាស់បំពង់អុកស៊ីសែន។
ទាក់ទិននឹងបញ្ហានេះ មន្រ្តីប៉ូលីសជាន់ខ្ពស់ខេត្ត ឈុនបុរី បានបញ្ជាក់នាថ្ងៃ សៅរ៍ នេះថា ម្ចាស់ក្លឹបដែលជាឪពុក និង កូនប្រុស ត្រូវបានចោទប្រកាន់ពីបទបង្កឲ្យមានមនុស្សស្លាប់ តាមរយៈការធ្វេសប្រហែស និង ពីបទ បើកហាងស្រាដោយគ្មានអាជ្ញាប័ណ្ណ។ លោកមន្រ្តីប៉ូលីសបានបន្ដទៀតថា ពួកគេអាចប្រឈមនឹងការចោទប្រកាន់បន្ថែមទៀត ទាក់ទងនឹងសុវត្ថិភាពអគារ និង សន្ដិសុខសង្គមរបស់និយោជិត ប៉ុន្ដែបច្ចុប្បន្នពួកគេត្រូវបានតុលាការក្នុងស្រុកដោះលែងឲ្យនៅក្រៅឃុំ។ ខណៈនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានបញ្ជាឲ្យស៊ើបអង្កេតលើសោកនាដកម្មនេះ។

សូមជម្រាបថា វិធីសាស្រ្តនៃការធូររលុងរបស់ប្រទេសថៃចំពោះបទប្បញ្ញត្តិស្ដីពីសុខភាព និង សុវត្ថិភាព ជាពិសេសនៅក្នុងបារ និង ក្លឹបរាត្រី បានធ្វើឲ្យមានការព្រួយបារម្ភជាយូរណាស់មកហើយ។
ដោយកាលពីឆ្នាំ ២០០៩ មានអគ្គីភ័យដ៏ធំមួយបានផ្ទុះឡើងនៅក្នុងពិធីជប់លៀងឆ្លងឆ្នាំសកលនៅក្លឹបរាត្រី Santika សម្លាប់មនុស្សអស់ ៦៧នាក់ និង បណ្ដាលឲ្យមនុស្សជាង ២០០នាក់រងរបួស។ ខណៈថ្មីៗនេះ មានមនុស្ស ៤នាក់ស្លាប់ក្នុងគ្រោះអគ្គីភ័យដែលបង្កឡើងដោយទុស្សេចរន្ដអគ្គិសនីនៅក្នុងក្លឹបកម្សាន្ដមួយនៅកោះភូកេត កាលពីឆ្នាំ ២០១២៕

