ភ្នំពេញ៖ លោក ហុង សុគុណវឌ្ឍនា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២០ ខែសីហាឆ្នាំ ២០២២ បានសម្រេចចេញដីកាឃុំខ្លួនយុវជនម្នាក់ឈ្មោះ វុធ សុម៉ាណា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នស្នាក់នៅ ផ្ទះជួល ផ្លូវបេតុង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដាក់ពន្ធនាគារព្រៃសម១បណ្តោះអាសន្នពីបទ. ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ប្រព្រឹត្តនៅលើបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ “ម៉ាណា ប្រទេពស៊ីន” កាលពីថ្ងៃទី២៥ ខែកក្កដាឆ្នាំ២០២២ រហូតដល់ថ្ងៃទី១៧ខែសីហាឆ្នាំ២០២២ តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។
កម្លាំងជំនាញ នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឃាត់ខ្លួនយុវជនម្នាក់ ពាក់ព័ន្ធនឹងករណីញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ដោយបានបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយឈ្មោះ “ម៉ាណា ប្រទេពស៊ីន” ហើយបានដាក់ Intro ថា មានទទួលកម្មង់សម្លាប់មនុស្ស the wing of a devil។ ជនសង្ស័យរូបនេះក៏បានបង្ហោះខ្លឹមសារថា បាញ់លេងសោះងាប់មែនទែន និងបានបង្ហោះលក់ប៊ិចកាំភ្លើង ។
ប្រតិបត្តិការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងដោយមានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្តមសេនីយ៍ ឆៃ សុីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ៕



អត្ថបទ៖ចតុមុខ
