ព្រះសីហនុ ៖ រថយន្ត២គ្រឿងបើកច្រាសទិសគ្នា បុកគ្នាពេញទំហឹង បណ្តាលឲ្យ រងរបួស៤នាក់ កាលពីវេលាម៉ោង៧និង៣០នាទី យប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១៧៣-១៧៤ ភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ រថយន្តការីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2Z-8621 អ្នកបើកបរឈ្មោះ តាត់ សុគីន ភេទស្រី អាយុ២៨ឆ្នាំ ទីលំនៅភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បើកពីលិចទៅកើត (ព្រះសីហនុ-ភ្នំពេញ)។លុះពេលមកដល់ចំណុចកើតហេតុ បានបុកជាមួយរថយន្តកូរ៉ូឡា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2M-7560 ដែលបើកច្រាសទិសគ្នា បណ្តាលឲ្យភាគីខាងរថយន្តកូរ៉ូឡា រងរបួស៤នាក់ ។

បើតាមសមត្ថកិច្ច អ្នករងរបួសទាំងនោះរួមមាន៖ ទី១ ឈ្មោះ ស្ងួន ហេង ភេទប្រុស អាយុ៥២ឆ្នាំ របួសស្រាល ជាអ្នកបើកបររថយន្តកូរ៉ូឡា ទី២ ឈ្មោះ ញ៉ែម ផាន ភេទស្រី អាយុ៤៩ឆ្នាំ របួសមធ្យម ត្រូវជាប្រពន្ធទី៣ ឈ្មោះ ហេង ប៉េងហួន របួសមធ្យម ត្រូវជាកូន ទី៤ ឈ្មោះ សុភី ភេទ ស្រី អាយុ៥០ឆ្នាំ របួសមធ្យម ត្រូវជាប្អូនថ្លៃ ។ ជនរងគ្រោះទាំង៤នាក់ រស់នៅភូមិឫទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យ។ ចំណែករថយន្តទាំង២គ្រឿង ក្រោយសមត្ថកិច្ចវាស់វែងរួច យកទៅរក្សាទុកនៅអធិការដ្ឋានរងចាំដោះស្រាយនៅពេលក្រោយ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.