ភ្នំពេញ ៖ រថយន្តកុងតឺន័រមួយគ្រឿង បើកល្បឿនលឿនវ៉ាជែងជ្រុលទៅបុកពីមុខរថយន្តព្រុសកំពុងបើកនៅគន្លងផ្លូវម្ខាងទៀត បណ្តាលឲ្យដាច់កង់មុខ ខ្ទេចអស់មួយចំហៀង។បន្ទាប់មក រថយន្តបង្កបើករត់គេចទៅបាត់ កាលពីវេលាម៉ោង៥និង៤៥នាទីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខរោងចក្រហែនសាំ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

រថយន្តរងគ្រោះ ម៉ាកតូយូតាព្រុស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BC-9539 រងខូចខាតដាច់កង់ខ្ទេចផ្នែកខាងមុខ ។

តាមប្រជាពលរដ្ឋឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តតូយូតាព្រុស បើកតាមផ្លូវជាតិ លេខ៤ ពីលិចទៅកើត ដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តកុងតឺន័រ បើកល្បឿនលឿន ពីកើតទៅលិច វ៉ាជែងជ្រុល ទៅបុកចំពីមុខ បណ្តាលឲ្យរងខូចខាតធ្ងន់ ហើយរថយន្តបង្កបើករត់គេចទៅបាត់ ។

ក្រោយកើតហេតុ ម្ចាស់ហៅរថយន្តស្ទូចទៅលើកយករថយន្តទៅជួសជុលដោយខ្លួនឯង ខណៈដែលរថយន្តបង្កបើករត់គេចទៅបាត់ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.